អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលប៉ាលីស្ទីកមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត
12, Jul 2023 , 9:29 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកក្កដា បានបាញ់មីស៊ីលប៉ាលីស្ទិកមួយគ្រាប់ ដែលមិនអាចកំណត់អត្តសញ្ញាណបាន ទៅក្នុងសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
ខណៈមានបញ្ហាចម្រូងចម្រាសជុំវិញយន្តហោះចារកិច្ចរបស់អាម៉េរិក​ កូរ៉េខាងជើងក៏បាញ់មីស៊ីលមួយគ្រាប់ បន្ទាប់ពីខកខានយូរមកហើយ។ សេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍ថា ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលប៉ាលីស្ទិកមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត។ ប៉ុន្តែកូរ៉េខាងត្បូង មិនទាន់បញ្ជាក់ឡើយ ថាតើមីស៊ីលប៉ាលីស្ទិកនោះ ជាមីស៊ីលប្រភេទណា។ 
 
មុនការបាញ់មីស៊ីលខាងលើ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង នៅថ្ងៃទី១១ ខែកក្កដា បានព្រមានអាម៉េរិក ដែលហ៊ានឱ្យយន្តហោះចារកិច្ចហោះចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ)។ ទន្ទឹមនឹងនេះ ទីក្រុងព្យុងយ៉ាង ក៏គំរាមបាញ់ទម្លាក់យន្តហោះនោះទៀតផង។ កូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយ នៅថ្ងៃទី១៥ ខែមិថុនា។ 
 
សូមបញ្ជាក់ថា ក្នុងសប្តាហ៍នេះ វានឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំអង្គការណាតូ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូង នឹងលើកយកបញ្ហាកូរ៉េខាងជើងទៅពិភាក្សានៅក្នុងកិច្ចប្រជុំទាំងពីរនេះ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ៕ 
 

Tag:
 កូរ៉េខាងជើង
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com