អន្តរជាតិ
លោក ហ្សេលេនស្គី សោកស្ដាយ ខណៈណាតូមិនកំណត់ពេលជាក់លាក់ទទួលយកអ៊ុយក្រែន
12, Jul 2023 , 3:29 pm        
រូបភាព
មេដឹកនាំអង្គការណាតូ បានថតរូបជុំគ្នានៅក្នុងក្រុងវីលនីញូស លីទុយអានី ក្នុងថ្ងៃទី១១ ខែកក្កដា។ រូបភាព The Hindu
មេដឹកនាំអង្គការណាតូ បានថតរូបជុំគ្នានៅក្នុងក្រុងវីលនីញូស លីទុយអានី ក្នុងថ្ងៃទី១១ ខែកក្កដា។ រូបភាព The Hindu
សម្ព័ន្ធយោធាណាតូ នៅថ្ងៃទី១១ ខែកក្កដា បានប្រកាសថា អ៊ុយក្រែន នឹងក្លាយជាសមាជិករបស់ខ្លួន ប៉ុន្តែអង្គការមួយនេះ មិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ក្រុងកៀវ ក្នុងការចូលជាសមាជិកឡើយ។ ទាក់ទិននឹងបញ្ហានេះ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង។
 
មេដឹកនាំសម្ព័ន្ធយោធាណាតូ (NATO)​ នៅថ្ងៃទី១១ ខែកក្កដា បានឯកភាពថា អនាគតរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងអង្គការណាតូ រួមទាំងទម្លាក់ចោលផែនការសកម្មភាពជាសមាជិកភាព (MAP) សម្រាប់អ៊ុយក្រែន ក្នុងការបំពេញថែមទៀត។ 
 
«អនាគតរបស់អ៊ុយក្រែន គឺនៅក្នុងអង្គការណាតូ»។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអង្គការណាតូ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់បែបនេះ ដោយបន្តថា ខ្លួនគាំទ្រយ៉ាងពេញលេញលើសិទ្ធិរបស់អ៊ុយក្រែន ក្នុងការជ្រើសរើសរៀបចំសន្តិសុខផ្ទាល់ខ្លួន។ 
 
យ៉ាងណាមិញ អង្គការណាតូ មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់អ៊ុយក្រែនឡើយ។ ជុំវិញបញ្ហានេះ សម្ព័ន្ធយោធា បានត្រឹមបញ្ជាក់ថា ខ្លួននឹងផ្តល់ការអញ្ជើញសម្រាប់អ៊ុយក្រែនចូលជាសមាជិកនៅពេលណាសមាជិកឯកភាព និងលក្ខខណ្ឌ ត្រូវបានបំពេញ។ 
 
កន្លងមក អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថារួចហើយថា អ៊ុយក្រែន នឹងអាចក្លាយជាសមាជិក នៅពេលណាសង្រ្គាម ត្រូវបានបញ្ចប់។ 
 
មុនចេញសេចក្តីថ្លែងការណ៍រួមខាងលើ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា វាជារឿងមិនធ្លាប់មានពីមុខមក និងមិនសមហេតុផល ដែលមិនមានកំណត់ពេលវេលាចូលជាសមាជិកជាក់លាក់ រួមទាំងគ្មានការអញ្ជើញចូលជាសមាជិកសម្រាប់អ៊ុយក្រែន។ 
 
ថ្លែងនៅក្នុងពិធីជួបជុំនៅទីក្រុងវីលនីញូស ក្នុងថ្ងៃទី១១ ខែកក្កដា មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា ណាតូ នឹងជួយអោយអ៊ុយក្រែនមានសុវត្ថិភាពជាងមុន ហើយអ៊ុយក្រែន នឹងជួយឱ្យណាតូខ្លាំងជាងមុនផងដែរ។ 
 
សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមខាងលើ មេដឹកនាំអង្គការណាតូ ក៏បានប្តេជ្ញាក្នុងការរួបរួមគ្នាជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែនផង ដើម្បីការពារដែនដី និងតម្លៃពួកគេពីការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ 
 

Tag:
 ណាតូ
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com