ជាតិ
រោងចក្រ៤ បោះទុនជាង៤៤លានដុល្លារ និងបង្កើតការងារដល់កម្មករជាង ៨ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
12, Jul 2023 , 6:59 pm        
រូបភាព
កម្មការិនីរោងចក្រ កំពុងកាត់ដេរសម្លៀកបំពាក់។ រូបថត៖ CDC
កម្មការិនីរោងចក្រ កំពុងកាត់ដេរសម្លៀកបំពាក់។ រូបថត៖ CDC
ខេត្តកំពង់ស្ពឺ ជាប៉ូលសេដ្ឋកិច្ចពិសេសមួយសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់។ រោងចក្រចំនួន៤ បានបោះទុនវិនិយោគជាង ៤៤លានដុល្លារ លើទឹកដីខេត្តកំពង់ស្ពឺ។
 
គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ របស់ក្រុមហ៊ុន LITESUN HOMEDECOR CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ ចំណាយទុនវិនិយោគប្រមាណ ៧.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
 
ក្រុមហ៊ុន BRIGHT PLASTIC (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។
 
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TARAL INTERNATIONAL CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃតាមួច និងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២៥.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦ ៩៣៥កន្លែង។
 
ជាមួយគ្នានេះ រោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទមួយ នឹងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED នេះ បោះទុនវិនិយោគប្រមាណ ៥.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់៕ 
 

Tag:
 រោងចក្រ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com