អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ីថា ការឯកភាព៥ចំណុច នៅតែសំខាន់លើបញ្ហាមីយ៉ាន់ម៉ា
12, Jul 2023 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ានចាប់ដៃនៅក្នុងគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងថ្ងៃទី១១ ខែកក្កដា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាស៊ានចាប់ដៃនៅក្នុងគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងថ្ងៃទី១១ ខែកក្កដា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ​នៅថ្ងៃទី១២ ខែកក្កដា បានលើកឡើងថា ការអនុវត្តផែនការ ៥ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែសំខាន់សម្រាប់អាស៊ាន។ ទន្ទឹមនេះ មុនកិច្ចប្រជុំអាស៊ាន រដ្ឋមន្រ្តីការបរទេសថៃ លោក  Don Pramudwinai បានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាជាលើកដំបូងផង។
 
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៦ កំពុងត្រូវបានរៀបចំឡើងនៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដោយប្រធានបទវិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែសំខាន់សម្រាប់រដ្ឋមន្រ្តីលើកយកទៅពិភាក្សា។ 
 
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានអះអាងថា ការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន ក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នៅតែសំខាន់។ 
 
«ការឯកភាព ៥ចំណុច នៅតែជាឯកសារយោង ហើយការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចនេះ គួរតែជាការផ្តោតរបស់អាស៊ាន»។ លោកស្រី Marsudi ដែលជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៣ ផងនោះ បានបញ្ជាក់បែបនេះ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត ដោយបន្តថា កិច្ចខិតខំផ្សេងទៀត ត្រូវតែគាំទ្រការឯកភាព ៥ចំណុចនេះ។ 
 
ការឯកភាព ៥ចំណុចមានដូចជា អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់, ការដោះស្រាយជម្លោះដោយសន្តិវិធី,​ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងបេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ 
 
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានលើកឡើងថា កន្លងមក ឥណ្ឌូណេស៊ី បានរក្សាទំនាក់ទំនងយ៉ាងខ្លាំង និងធំទូលាយជាមួយភាគីទាំងអស់នៅមីយ៉ាន់ម៉ា ហើយថែមទាំងមានការភ្ជាប់ទំនាក់ទំនងជាមួយគ្នារហូតដល់ ១១០លើកថែមទៀត។ ត្រង់ចំណុចនេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានចាត់ទុកវាជារឿងស្មុគស្មាញ និងមិនមែនងាយស្រួលឡើយ។​ នេះបើតាមការចុះផ្សាយទូរទស្សន៍ CNA។ 
 
បន្ថែមពីនេះ ប្រធានផ្លាស់វេនអាស៊ានរូបនេះ បានបង្ហាញពីក្តីបារម្ភផងដែរ ជុំវិញការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងហិង្សានៅមីយ៉ាន់ម៉ា រួមទាំងជំរុញឱ្យការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតទៅមីយ៉ាន់ម៉ា។ 
 
ដោយឡែក រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai ក៏ប្រកាសដែរថា លោក បានជួបជាមួយមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ និងរងបទចោទមួយចំនួន ក្នុងក្រុងណៃពិដោ។ 
 
តាមការបញ្ជាក់របស់លោក Don នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅឥណ្ឌូណេស៊ី ស្ថានភាពសុខភាពរបស់លោកស្រីស៊ូជី គឺល្អប្រសើរ ហើយវាជាជំនួបដ៏ល្អមួយកាលពីសប្ដាហ៍មុន។ ជុំវិញបញ្ហានេះ ប្រមុខការទូតថៃ បានអះអាងថា លោកស្រីស៊ូជី បានលើកលើកទឹកចិត្តឱ្យមានកិច្ចចរចា។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ ជំនួបរវាងលោក Don និងលោកស្រី ស៊ូជី ធ្វើឡើងរយៈពេលជាង ១ម៉ោង។ 
 
នេះជាជំនួបលើកដំបូងរបស់ប្រមុខការទូតនៃបណ្តាប្រទេសអាស៊ាន ដែលបានជួបជាមួយលោកស្រីស៊ូជី ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅខែកុម្ភៈ ឆ្នាំ២០២១​មក៕
 

Tag:
 ឥណ្ឌូណេស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com