អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ក្លាយជាសមាជិកទី៥១ នៃសន្ធិសញ្ញា TAC របស់អាស៊ាន
12, Jul 2023 , 5:29 pm        
រូបភាព
អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកក្កដា បានចុះហត្ថលេខាចូលជាសមាជិកទី៥១ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) របស់អាស៊ានជាផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។
 
កន្លងមក ប្រទេសចំនួន ៥០រួចមកហើយ បានក្លាយជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយអ៊ុយក្រែនជាសមាជិកចុងក្រោយ។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងហ្សាការតា នៅថ្ងៃទី១២ ខែកក្កដា អារ៉ាប៊ីសាអូឌីត បានក្លាយជាសមាជិកទី៥១ នៃសន្ធិសញ្ញា TAC។ 
 
«ការចុះហត្ថលេខានេះ បង្ហាញពីការប្តេជ្ញាដ៏ខ្លាំងក្លារបស់អារ៉ាប៊ីសាអូឌីត ក្នុងការគោរពតម្លៃ និងគោលការណ៍របស់អាស៊ាន ដែលមានចែងក្នុងសន្ធិសញ្ញា TAC»។ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានបញ្ជាក់បែបនេះនៅក្នុងពេលចាប់ផ្តើមនៃពិធីចុះហត្ថលេខាចូលជាសមាជិកសន្ធិសញ្ញា TAC។
 
ទន្ទឹមនេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានបន្ថែមថា នេះជាការប្តេជ្ញាលើកិច្ចសហប្រតិបត្តិការ ការគោរពច្បាប់អន្តរជាតិ និងការរួមចំណែកចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់លើសពីនេះ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។ 
 
សន្ធិសញ្ញា TAC ជាក្រមមួយ ដែលមានចងកាតព្វកិច្ចផ្នែកច្បាប់សម្រាប់រដ្ឋ និងរដ្ឋនៅក្នុងតំបន់ ជាពិសេសក្នុងគោលបំណងរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព។ 
 
សូមបញ្ជាក់ថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦។ កន្លងមក សន្ធិសញ្ញានេះ ត្រូវបានកែប្រែជាច្រើនលើក ដើម្បីអនុញ្ញាតឱ្យរដ្ឋក្រៅតំបន់អាស៊ីអាគ្នេយ៍ អាចចូលជាសមាជិកបាន។ នៅពេលខាងមុខ វាអាចមានប្រទេសជាច្រើនទៀតចូលជាសមាជិកសន្ធិសញ្ញាមួយនេះដូចជា ស៊ែប៊ី ប៉ាណាម៉ា អេស្ប៉ាញ និងម៉ិកស៊ិកជាដើម៕
 

Tag:
 អារ៉ាប៊ីសាអូឌីត
  អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com