បោះឆ្នោត
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការធម្មនុញ្ញថៃបញ្ជាឱ្យលោក Pita បកស្រាយរឿងកែច្បាប់ស្ដីពីការប្រមាថស្ដេច
13, Jul 2023 , 10:59 am        
រូបភាព
លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្រ្តីថៃថ្មីមកពីបក្សឆ្ពោះទៅមុខ ។ រូបភាព AP ។
លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្រ្តីថៃថ្មីមកពីបក្សឆ្ពោះទៅមុខ ។ រូបភាព AP ។
លោក Pita Limjaroenrat ដែលជាក្តីសង្ឃឹមរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រជាជនថៃ កំពុងទទួលរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់។ តុលាការធម្មនុញ្ញថៃទើបតែយល់ព្រមទទួលយកពាក្យបណ្តឹង ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធព្រះមហាក្សត្រ ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត ស្នើឱ្យតុលាការដកសិទ្ធិលោក Pita ជាសមាជិកសភា។
 
មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីថៃថ្មី។ ប៉ុន្តែលោកបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងដំណើរឆ្ពោះទៅកាន់តំណែងប្រមុខរដ្ឋាភិបាលដោយសារតែជំហរប្រឆាំងក្រុមអភិរក្សនិយម។
 
នៅថ្ងៃទី១២ ខែកក្កដា តុលាការធម្មនុញ្ញថៃបានយល់ព្រមទទួលយកពាក្យបណ្តឹងប្រឆាំងនឹងគណបក្សនេះ ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់តឹងរឹងដែលហាមឃាត់ការប្រមាថព្រះមហាក្សត្រ។  ប៉ុន្មានម៉ោងមុននៅថ្ងៃដដែល គណៈកម្មការរៀបចំការបោះឆ្នោត បានផ្តល់អនុសាសន៍ឱ្យតុលាការដកសិទ្ធិលោក Pita ជាសមាជិកសភាថែមទៀតជុំវិញការសង្ស័យមួយពាក់ព័ន្ធនឹងភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ដែលច្បាប់ហាមឃាត់។
 
លើបណ្ដឹងទាក់ទងការកែច្បាប់នេះ ម្ចាស់បណ្ដឹងលោក Theerayut Suwannakaysorn ចោទថា ការប៉ុនប៉ងកែមាត្រា១១២នៃច្បាប់ព្រហ្មទណ្ឌ ជាការព្យាយាមផ្ដួលរំលំរបបរាជានិយម។ ជាមួយការទទួលយកបណ្ដឹងនេះ តុលាការធម្មនុញ្ញថៃ ទុកពេលឱ្យលោក Pita ១៥ថ្ងៃដើម្បីបកស្រាយ។ 
 
បើរកឃើញកំហុស តុលាការធម្មនុញ្ញថៃ អាចសម្រេចតាមលក្ខណ្ឌជាក់ស្ដែង ដែលទោសធ្ងន់បំផុតអាចឈានដល់ការរំលាយបក្សឆ្ពោះទៅមុខតែម្ដង ហើយហាមលោក Pita ធ្វើនយោបាយថែមទៀត។
 
លោក Pita បាន​ប្រាប់​ទូរទស្សន៍ ThaiRath TV ថា​ ​មានការ​ប៉ុនប៉ង​រារាំង មិន​មែន​រារាំង​ខ្ញុំ​ទេ ប៉ុន្តែ​បាន​រារាំង​រដ្ឋាភិបាល​ភាគច្រើន​នៃ​ប្រជាជន​មិន​ឲ្យ​ចូល​គ្រប់គ្រង​ប្រទេស​តាម​មធ្យោបាយ​ផ្សេងៗ​។ 
 
លោកបន្ត ៖ « នេះគឺជារឿងធម្មតាទេសម្រាប់ផ្លូវទៅកាន់អំណាចនៅក្នុងប្រទេសរបស់យើង... រាល់កិច្ចការធំៗ និងសំខាន់ៗតែងតែមានការលំបាក។ ខ្ញុំត្រូវបានលើកទឹកចិត្ត និងសង្ឃឹមថានឹងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលបានកើតឡើងរហូតដល់ក្តីស្រមៃប្រជាជនអាចសម្រេចបាន»។ 
 
ក្រុមសម្ព័ន្ធទាំង៨បក្សរបស់លោក Pita ដែលប្រមូលបាន៣១២ អាសនៈក្នុងសភាតំណាងរាស្រ្តដែលមិនគ្រប់គ្រាន់ ៣៧៦នោះទេក្នុងការបោះឆ្នោតគាំទ្រលោកជានាយករដ្ឋមន្ត្រី។ សម្ព័ន្ធភាពនេះ នៅតែត្រូវការច្រើនជាង ៦០សំឡេងទៀតដែលពីសមាជិកព្រឹទ្ធសភា ឬតំណាងមកពីគណបក្សផ្សេងទៀត ។
 
ប្រសិនបើលោក Pita បរាជ័យ សម្ព័ន្ធភាពត្រូវតែសម្រេចចិត្តថាតើត្រូវគាំទ្រលោក Pita ម្តងទៀតនៅក្នុងការបោះឆ្នោតមួយផ្សេងទៀតដែលគ្រោងធ្វើសប្តាហ៍ក្រោយ ឬដាក់បេក្ខជនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
 

Tag:
 ថៃ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com