អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីប Hwasong-18 ដើម្បីព្រមានអាម៉េរិកនិងកូរ៉េខាងត្បូង
13, Jul 2023 , 2:39 pm        
រូបភាព
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-18។ រូបភាព KCNA
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-18។ រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៣ ខែកក្កដា បានបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួនបានបាញ់មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-18 នៅក្នុងថ្ងៃទី១២ ខែកក្កដា ទៅក្នុងសមុទ្រខាងកើត។ ការបាញ់នេះ ធ្វើឡើង ក្នុងគោលបំណងព្រមានអាម៉េរិក និងកូរ៉េខាងត្បូង។
 
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកក្កដា បានបាញ់មីស៊ីលមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត។ មួយថ្ងៃក្រោយការបាញ់ ក្រុងព្យុងយ៉ាង បានបញ្ជាក់ថា នោះជាមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-18 ដោយមានការណែនាំពីលោក គីម ជុងអ៊ុង មេដឹកនាំកូរ៉េខាងជើង។ ការបាញ់មីស៊ីលប្រភេទនេះ នឹងពង្រឹងលើទំនុកចិត្តប្រតិបត្តិការនៃប្រព័ន្ធអាវុធរបស់ប្រទេសបន្ថែម។ 
 
«ការបាញ់សាកល្បង ជាដំណើរការដ៏សំខាន់ក្នុងគោលបំណងអភិវឌ្ឍបន្ថែមលើកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់ប្រទេស ហើយក្នុងពេលតែមួយ វាជាសារព្រមានយ៉ាងខ្លាំងក្លាទៅកាន់សត្រូវរបស់កូរ៉េខាងជើង»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ នៅក្នុងថ្ងៃទី១៣ ខែកក្កដា។ 
 
តាមការបញ្ជាក់របស់កូរ៉េខាងជើង មីស៊ីល Hwasong-18 ហោះបានចម្ងាយ១០០១,២គីឡូម៉ែត្រ ក្នុងរយៈពេល៤,៤៩១វិនាទី និងក្នុងរយៈកម្ពស់៦៦៤៨,៤គីឡូម៉ែត្រ មុនពេលធ្លាក់ទៅក្នុងសមុទ្រខាងកើត។ តាមការបញ្ជាក់របស់អ្នកជំនាញ មីស៊ីលដែលប្រើថាមពលឥន្ធនៈរឹង អាចហោះបានរហូតដល់ចម្ងាយច្រើនជាង១៥០០០គីឡូម៉ែត្រ ពោលគឺអាចវាយប្រហារដែនដីអាម៉េរិក គ្រប់ទីកន្លែង។ 
 
ស្របគ្នានេះ លោក គីម ដែលត្រួតពិនិត្យការបាញ់នេះដោយផ្ទាល់ បានអះអាងថា ការបាញ់មីស៊ីលលើកចុងក្រោយ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពការពារខ្លួនរបស់ប្រទេស នៅចំពោះមុខមហន្តរាយសង្រ្គាមនុយក្លេអ៊ែរ និងសកម្មភាពយោធារបស់អាម៉េរិក និងកូរ៉េខាងត្បូង។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏ព្រមានផងដែរថា ក្រុងព្យុងយ៉ាង នឹងមានសកម្មភាពយោធាដ៏ខ្លាំងក្លាជាច្រើនរហូតដល់អាម៉េរិក និងកូរ៉េខាងត្បូង បញ្ឈប់គោលនយោបាយបង្កសត្រូវជាមួយខ្លួន។ 
 
សូមបញ្ជាក់ថា មីស៊ីល Hwasong-18 ដែលបាញ់ចុងក្រោយនេះ ត្រូវបានកូរ៉េខាងជើងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលរដ្ឋាភិបាលប្រទេសមួយនេះ បានសន្យាចង់អភិវឌ្ឍជាមួយនឹងផ្កាយរណបចារកិច្ច និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com