ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជំរុញឱ្យសម្រេចការវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប 13, Jul 2023 , 7:59 pm
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន
× ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ សម្តេចបានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចជំរុញគម្រោងកសាងផ្លូវនេះ ឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប។
ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គឺជាគម្រោងស្នើសុំវិនិយោគពីក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគកសាង-ធ្វើអាជីវកម្ម-ផ្ទេរ។ ក្រោមគម្រោងនេះ សម្តេច ហ៊ុន សែន ក៏សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងឡើង ដែលមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។
បើតាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី១១កក្កដា គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប។ ជាពិសេសគណៈកម្មការត្រូវជំរុញគម្រោងនេះឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងភ្នំពេញ-សៀមរាប។
កន្លងមក លោក ស៊ុន ចាន់ថុល បានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងអទិភាពដែលក្រសួងសាធារណការ កំពុងខិតខំជំរុញឱ្យចេញជារូបរាង ដោយកិច្ចព្រមព្រៀងស្តីពីផ្លូវនេះ អាចសម្រេចបាននៅក្នុងខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងសាធារណការ នាថ្ងៃទី ១៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ៖ «ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គឺក្រុមហ៊ុនបានសន្យាថា នឹងធ្វើឱ្យហើយ និងឈានទៅចុះហត្ថលេខាលើFramework Agreement [កិច្ចព្រមព្រៀងក្របខ័ណ្ឌការងារ] នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣»។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបនេះ គឺផ្លូវល្បឿនលឿនទីបី ដែលរដ្ឋាភិបាលជំរុញឱ្យចេញជារូបរាងឡើង ខណៈបច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២០០០លានដុល្លារ ដាក់ឱ្យចរាចរណ៍បានជាងមួយឆ្នាំហើយ។ ដោយឡែក ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិតតម្លៃវិនិយោគប្រមាណ១ ៤០០លានដុល្លារ គឺកំពុងសាងសង់៕
Tag:
ផ្លូវល្បឿនលឿន
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com