អន្តរជាតិ
អាស៊ានបន្តយកការឯកភាព៥ចំណុចដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ខណៈវិបត្តិបន្តជាប់គាំង
14, Jul 2023 , 10:29 am        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលមានឥណ្ឌូណេស៊ីជាប្រធានផ្លាស់វេន នៅថ្ងៃទី១១ ខែកក្កដា។ រូបភាព ASEAN 2023
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលមានឥណ្ឌូណេស៊ីជាប្រធានផ្លាស់វេន នៅថ្ងៃទី១១ ខែកក្កដា។ រូបភាព ASEAN 2023
រដ្ឋមន្រ្តីការបរទេសអាស៊ាន បន្តប្រកាន់យកការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំកន្លងមក ជាឯកសារយោងសម្រាប់លើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា ខណៈវិបត្តិក្នុងប្រទេសមួយនេះ នៅតែកើតមាន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានចេញនៅថ្ងៃទី១៣ ខែកក្កដា។
 
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដោយប្រមុខការទូតបានជជែកពីបញ្ហាជាច្រើន ក្នុងនោះមាន បញ្ហាសមុទ្រចិនខាងត្បូង​ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយជាពីរឆ្នាំមក។ ប៉ុន្តែការចរចាអូសបន្លាយរាប់ម៉ោង ដោយឯកសារចុងក្រោយចេញនៅល្ងាចនៅថ្ងៃទី១៣ ខែកក្កដា។
 
«យើងបានពិភាក្សាពីការវិវដ្តនៅមីយ៉ាន់ម៉ា និងបញ្ជាក់ជាថ្មីលើជំហររួមរបស់យើងថា ការឯកភាព៥ចំណុច នៅតែជាឯកសារយោង ដើម្បីលើកឡើងពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា»។ សេចក្តីថ្លែងការណ៍រួមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តរិះគន់ពីសកម្មភាពហិង្សា ដែលតែងកើតមាននៅក្នុងប្រទេសនេះ ដូចជា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំជាដើម។ 
 
ជារយៈពេលពីរឆ្នាំហើយ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានអូសបន្លាយ និងមិនទាន់មានដំណោះស្រាយ។ ការប៉ះទង្គិចរវាងយោធា និងកម្លាំងការពារប្រជាជន (PDF) តែងកើតមាន និងបង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ការរៀបចំការបោះឆ្នោតថ្មី ដែលត្រូវបានសន្យាដោយមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនទាន់ឃើញលេចចេញជាពន្លឺ ឬរូបរាងអ្វីឡើយ ស្របពេលលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល បន្តជាប់ឃុំ និងរងបទចោទជាច្រើន។ 
 
តាមសេចក្តីថ្លែងការណ៍រួមដដែលនេះ អាស៊ានមិនបានដាក់ចេញវិធានការតឹងរ៉ឹងជាមុនឡើយ ដោយបានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សារដោយមិនរើសអើងភ្លាមៗ និងបង្កើតបរិយាកាសល្អសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយការរួមបញ្ចូល។ 
 
បើតាមអាស៊ាន ខ្លួននឹងដឹកនាំការត្រួតពិនិត្យឡើងវិញទ្រង់ទ្រាយធំលើការអនុវត្តការឯកភាព ៥ចំណុច និងដាក់សេចក្តីណែនាំទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៕
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com