អន្តរជាតិ
អាស៊ានបង្ហាញក្តីបារម្ភការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងស្ថានភាពវិវដ្ដលើឧបទ្វីបកូរ៉េ
14, Jul 2023 , 3:09 pm        
រូបភាព
កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប នៅថ្ងៃទី១២ ខែកក្កដា។ រូបភាព KCNA
កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប នៅថ្ងៃទី១២ ខែកក្កដា។ រូបភាព KCNA
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីក្តីបារម្ភជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាច្រើនលើក ជាពិសេសមីស៊ីលបាលីស្ទិកអន្តរទ្វីប រួមទាំងស្ថានការណ៍វិវដ្តនៅលើឧបទ្វីបកូរ៉េ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើសពីនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានចេញនៅថ្ងៃទី១៣ ខែកក្កដា។ 
 
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកក្កដា បានបាញ់មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-18 ទៅក្នុងសមុទ្រខាងកើត។ មីស៊ីលដែលកូរ៉េខាងជើងចាត់ទុកជាការឆ្លើយតបនឹងសត្រូវរបស់ខ្លួននេះ ត្រូវបានអ្នកជំនាញអះអាងថា អាចវាយប្រហារដែនដីអាម៉េរិកបានគ្រប់ទីកន្លែង។ មីស៊ីល Hwasong-18 អាចហោះបានចម្ងាយលើសពី ១៥០០០គីឡូម៉ែត្រ។ 
 
ក្រោយការបាញ់មីស៊ីលអន្តរទ្វីបជាថ្មីបែបនេះ អាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងជំរុញឱ្យភាគីពាក់ព័ន្ធចូលតុចរចាឡើងវិញ ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ 
 
«ការកើនឡើងនៃការសាកល្បងមីស៊ីលបាលីស្ទិក និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង និងការកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាការវិវដ្ដដ៏គួរឱ្យព្រួយបារម្ភ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៣ ខែកក្កដាបែបនេះ។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានដាក់សម្ពាធ និងទណ្ឌកម្មលើក្រុងព្យុងយ៉ាងផង។ 
 
ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាច្រើនលើក ដើម្បីរឹតត្បិតកម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែរ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែបន្តជម្នះអភិវឌ្ឍកម្មវិធីអាវុធប្រភេទនេះ ដោយនិយាយការពារថា ទុកសម្រាប់ការពារខ្លួន និងប្រឆាំងសត្រូវ។ 
 
ក្នុងសេចក្តីថ្លែងការណ៍រួមដដែល រដ្ឋមន្រ្តីការបរទេស បានបញ្ជាក់យ៉ាងច្បាស់ៗថា អាស៊ាន បានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយការស្ថាបនា រួមទាំងការប្រើប្រាស់វេទិកាតំបន់អាស៊ាន (ARF) សម្រាប់កិច្ចចរចារបស់ភាគីពាក់ព័ន្ធ។ វេទិកាតំបន់អាស៊ាន ជាកិច្ចប្រជុំតែមួយគត់ដែលកូរ៉េខាងជើងចូលរួមជាមួយដៃគូពាក់ព័ន្ធមាន កូរ៉េខាងត្បូង រុស្ស៊ី ចិន ជប៉ុន និងអាម៉េរិកជាដើម៕ 
 

Tag:
 អាស៊ាន
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com