ជាតិ
លោក គួច ចំរើន បញ្ជា​ឱ្យ​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​បណ្តោះអាសន្ន​
15, Jul 2023 , 9:45 am        
រូបភាព
លោក គួច ចំរើន នាពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ​កាលពីថ្ងៃទី៣០​មីនា ឆ្នាំ២០២៣។ រូបភាព៖ ទំព័រហ្ចេសប៊ុកលោក គួច ចំរើន
លោក គួច ចំរើន នាពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ​កាលពីថ្ងៃទី៣០​មីនា ឆ្នាំ២០២៣។ រូបភាព៖ ទំព័រហ្ចេសប៊ុកលោក គួច ចំរើន
លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ កក្កដា​នេះ ក្រោម​ហេតុផល​អាកាសធាតុ​មិនល្អ​។
 
 
​តាមរយៈ​វីដេអូ​ខ្លី​ជាង ២​នាទី ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផ្ទាល់ លោក គួច ចំរើន បញ្ជាក់ថា ការផ្អាក​នេះ គឺ​ដើម្បី​ធានា​សុ​ត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី ក្រោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា ថា ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ទៅ អាកាសធាតុ​មិន​អំណោយផល ពោល​គឺមាន​ភ្លៀង មាន​ខ្យល់​ខ្លាំង និង​មាន​រលក​ធំៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នកធ្វើដំណើរ​។ 
 
«​យើងខ្ញុំ​សុំឱ្យ​ផ្អាក ការធ្វើដំណើរ​តាមផ្លូវ​ទឹកជា​បណ្តោះអាសន្ន រង់ចាំ​ដល់​ស្ថានភាព អាកាសធាតុ​បានល្អ​ប្រសើរ​ឡើងវិញ​»​។ លោក គួច ចំរើន បញ្ជាក់​ដូច្នេះ មុននឹង​បញ្ជា​ទៅ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ រៀបចំ​ការផ្អាក​នេះ​ឱ្យបាន​ល្អ និង​ស្នើឱ្យ​សមត្ថកិច្ច ធ្វើ​ទំនាក់ទំនង  ទៅកាន់​សហគមន៍​នេសាទ ដើម្បី​ផ្តល់ព័ត៌មាន​នេះ ឱ្យបាន​ទាន់ពេល និង​បង្ការ​ហានិភ័យ​ជាយថាហេតុ ចំពោះ​ប្រជា​នេសាទ​។ 

ក្រសួងធនធានទឹក និងឧតុនិយម ​នៅយប់ថ្ងៃទី១៤ កក្កដា បានជូនដំណឹងថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនបន្តបន្ទាប់ ដែលអាចក្លាយជាព្យុះទី៤។ នៅថ្ងៃទី១៥ កក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រខាងត្បួង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា។

ក្រសួងធនធានទឹក បញ្ជាក់ទៀតថា ស្ថានភាពនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៦-២០ កក្កដា មានផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ 

ចំណែកនៅតំបន់វាលទំនាប ​អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com