បោះឆ្នោត
អន្តរជាតិ
បក្សឆ្ពោះទៅមុខប្រកាសមិនបោះបង់កែប្រែច្បាប់ប្រមាថមហាក្សត្រ ក្រោយលោកPita មិនជាប់ឆ្នោត
15, Jul 2023 , 1:59 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
បក្សឆ្ពោះទៅមុខ (MFP) នៅថ្ងៃទី១៤ ខែកក្កដា ប្រកាសមិនបោះបង់ផែនការការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ក្រោមហេតុផលមិនចង់ជាប់អន្ទាក់ ដែលរៀបចំដោយសមាជិកព្រឹទ្ធសភា។ ការអះអាងបែបនេះ ធ្វើឡើងក្រោយលោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ មិនទទួលបានការគាំទ្រពីសភា។
 
នៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី១៣ ខែកក្កដា លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីថៃ​ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីឡើយ ដោយសារសមាជិកព្រឹទ្ធសភា មិនគាំទ្រ។ សមាជិកព្រឹទ្ធសភា មិនគាំទ្រលោកPita ដោយសារបក្សរបស់លោក មានផែនការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ 
 
យ៉ាងណាក៏ដោយ បក្សឆ្ពោះទៅមុខ នៅតែប្រកាសមិនបោះបង់ផែនការការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ តាមការបញ្ជាក់របស់អគ្គលេខាធិការបក្សឆ្ពោះទៅមុខ លោក Chaithawat Tulathon បានអះអាងថា លោកបានជួបជាមួយសមាជិកសំខាន់ៗរបស់បក្ស Pheu Thai ពីរបៀបជំរុញឱ្យលោកPita ក្លាយជានាយករដ្ឋមន្រ្តី។ 
 
ក្នុងជំនួបនោះ បក្ស Pheu Thai នៅតែបន្តគាំទ្រលោកPita ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភាលើកទីពីរ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
«លើសពីនេះ ខ្ញុំមិនគិតថាសមាជិកព្រឹទ្ធសភា នឹងបោះឆ្នោតឱ្យលោក Pita បើទោះយើងបោះបង់ផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ»។ លោក Chaithawat បានបញ្ជាក់បែបនេះ។ បើតាមអគ្គលេខាធិការបក្សរូបនេះ សមាជិកព្រឹទ្ធសភា មានការគិតដែលមិនផ្លាស់ប្តូរមកលើបក្សឆ្ពោះទៅមុខ ហើយពួកគេនឹងស្វែងរកលេសផ្សេង ដើម្បីវាយប្រហារបក្ស។ 
 
សូមបញ្ជាក់ថា គណបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោតជាតិ បានបញ្ជូនសេចក្តីព្រាងច្បាប់មួយទៅរដ្ឋសភា ដើម្បីលុប អំណាចរបស់ព្រឹទ្ធសភា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់ពីមេដឹកនាំរបស់ខ្លួនមិនទទួលបានសំឡេងគ្រប់គ្រាន់ពីសភាទាំងពីរ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com