ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើតក្រុមការងារដកអត្តសញ្ញាណបណ្ណច្បាប់ដើមពីកន្លែងបញ្ចាំ 16, Jul 2023 , 3:06 pm
× ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបង្កើតក្រុមការងារដកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលពលរដ្ឋបានយកទៅដាក់បញ្ចាំ ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិការកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញ ប្រើប្រាស់ ឬកន្លែងបញ្ចាំ ក្នុងខេត្តបន្ទាយមានជ័យ។
ក្រុមការងារនេះ មានសមាជិក២៥រូប ដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាប្រធាន បង្កើតឡើង បន្ទាប់ពីក្រសួងមហារផ្ទៃ ចេញសេក្ដីណែនាំហាមឃាត់ការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំ សម្រាប់ធានាលើការផ្ដល់ឥណទាន ដែលចេញកាលពីថ្ងៃទី៥ ខែកក្កដា។
យោងតាមសេចក្ដីសម្រេច ការងារនេះ មានភារកិច្ចអនុវត្តយន្តការដកយកអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ដែលបានយកទៅដាក់បញ្ចាំសម្រាប់ ធានាលើការផ្តល់ឥណទាន ឬកម្ចីនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំនានាក្នុងភូមិសាស្ត្រខេត្ត។ ក្រុមការងារនេះ ក៏មានសិទ្ធិប្រើប្រាស់មន្ត្រី ឬកងកម្លាំងក្រោមឱវាទរបស់ខ្លួន ដើម្បីបំពេញភារកិច្ចតាមការចាំបាច់។
ក្រុមប្រតិបត្តិការនីមួយៗ មានតួនាទីសម្របសម្រួល ដឹកនាំការងារចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន, ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ, ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំមូលដ្ឋាន ដែលមានពលរដ្ឋបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាបការធានាលើការ ផ្តល់ឥណទាន ឬកម្ចី។
នៅពេលដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមយកមកវិញហើយ ក្រុមការងារត្រូវថតចម្លង អត្តសញ្ញាណបណ្ណទាំងនោះ និងបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារចម្លងនោះ ជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំវិញ។ ទន្ទឹមនេះ ក្រុមការងារ ត្រូវប្រគល់អត្តសញ្ញាណបណ្ណច្បាប់ដើម ដែលបានដកហូត ជូនពលរដ្ឋដែលជាម្ចាស់វិញ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ នៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម សម្រាប់ការធានាលើការផ្តល់ឥណទាន ឬកម្ចីទៀត ក្រុមការងារលោក នឹងចាត់វិធានការតាមនីតិវិធីច្បាប់៕
Tag:
បន្ទាយមានជ័យ
អត្តសញ្ញាណបណ្ណ
អ៊ុំ រាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com