ជាតិ
ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានទេសចរតែជាង៩ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៣
17, Jul 2023 , 9:29 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ តំបន់ទេសចរណ៍នៅភាគឦសាន មិនសូវវមានភ្ញៀវទេសចរទៅកម្សាន្តនោះទេ។ រយៈពេល៦ខែ​ ឆ្នាំ២០២៣ ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានទេសចរជាង៩ម៉ឺននាក់ប៉ុណ្ណោះ​ ខណៈអ្នកដើរលេងទូទាំងប្រទេសមានជា​ង ១១លាននាក់។ មន្ត្រីមន្ទីរទេសចរខេត្តភាគឦសានទាំងនេះ បញ្ជាក់ថា មូលហេតុនៃការខ្សត់ទេសចរទៅកម្សាន្តនៅខេត្តខ្លួន ព្រោះកត្តាទីតាំងដែលស្ថិតនៅឆ្ងាយ ស្របពេលដែលពេលវេលាឈប់សម្រាកខ្លី គួបផ្សំនឹងកត្តាអាកាសធាតុផង។
រយៈពេល៦ខែឆ្នាំ២០២៣នេះ ខេត្តរតនគិរី ទទួលបានទេសចរប្រមាណ ៩ម៉ឺននាក់តែប៉ុណ្ណោះ។ ទិន្នន័យទេសចរជាង ៩ម៉ឺននាក់នេះ ភាគច្រើនអ្នកនៅតំបន់នេះផ្ទាល់ និងមានកើនឡើង ៥ភាគរយតែប៉ុណ្ណោះ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ។
 
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25​ តាម​ទូរសព្ទថា ខេត្តរតនគិរី មាន​តំបន់​ទេស​ចរណ៍​សក្ដានុពល​រហូតដល់​១៤​កន្លែង ដែល​សុទ្ធសឹង​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​។ ភ្នំ​ឥ​ស្សឹ​តបត​មៈ​, បឹង​យក្ស​ឡោម​, បឹង​លំ​កុ​ដ​, បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​, ទឹកធ្លាក់​កាចា​ញ​, ទឹកធ្លាក់​ចា​អ៊ុង​, ទឹកធ្លាក់​កា​ទៀង​, ទឹកធ្លាក់​អូរ​ស៊ិន​លែ​រ៍​, ទឹក​ជួរ​តា​តៃ​, វាល​រំ​ប្លង់​, ដែនជម្រកសត្វព្រៃ​លំផាត់​, ឧទ្យាន​ជាតិ​វីរៈ​ជ័យ​, ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច និង​រមណីយដ្ឋាន​ទឹក​ជួរ​ទឹង ទាំងនេះ ជា​តំបន់​ទេសចរណ៍​សក្ដានុពល​របស់​ខេត្តរតនគិរី​​។ តំបន់​ទេសចរណ៍​ដែល​មិនសូវមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត គឺ​រមណីយដ្ឋាន «​បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​» ដែលមាន​ចម្ងាយ ៤០ គីឡូ​ពី​ទី​រួម​ខេត្ត​។ 
  
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។ រូបភាពពី៖ លោក ង៉ែត ពិទូ មន្ទីរទេសចរណ៍ខេត្តរតនគិរី

ប៉ុន្តែរមណីយដ្ឋាន​ដែល​សម្បូរ​ទេសចរ​ជាងគេ មាន​បឹង​លំ​កុ​ដ​, បឹង​​យក្ស​ឡោម ទឹកជ្រោះ​៧​ជាន់​ និង​ទឹកធ្លាក់​កាចា​ញ​ជាដើម​ ដែល​មានទីតាំង​​ជិតៗ​ទី​រួម​ខេត្ត​។
 
ទោះជា​យ៉ាងនេះ​ក្តី លោក ង៉ែត ពិ​ទូ បញ្ជាក់ថាប៉ុន្មានថ្ងៃនេះ អាកាសធាតុ​នៅ​រតនគិរី មិនសូវ​ជា​អំណោយផល​ប៉ុន្មាន​ឡើយ ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ទើបតំបន់ទេសចរមួយចំនួនមិនមានភ្ញៀវទៅកម្សាន្តនោះទេ។ សម្រាប់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ បញ្ហា​អាកាសធាតុ ក៏បាន​រារាំង​ដល់​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ដោយសារ​នៅ​តំបន់​ខ្លះ ផ្លូវ​រអិល​ពិបាក​ធ្វើដំណើរ​ និងធ្វើឱ្យទេសចរមិនសូវមកកម្សាន្តលេងផងដែរ។ 

រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី

សម្រាប់ខេត្តក្រចេះវិញ ក៏​ជា​ខេត្តនៅ​ដែនដី​ភាគ​ឦសាន ដែលមាន​សក្តានុពល​ទេសចរណ៍​រហូតដល់​១៩​កន្លែង​។ ប៉ុន្តែ​នៅ​រដូវវស្សា​នេះ ខេត្តស្ថិតនៅ​​បណ្តោយ​ទន្លេមេគង្គមួយនេះ មាន​តំបន់​ទេសចរណ៍​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​ទទួល​ភ្ញៀវទេសច​របា​ន​។ ​តំបន់​ទេសចរណ៍​ដែល​ទេសចរ អាច​ទៅ​កម្សាន្ត​បាន មានដូចជា ក្រុង​ក្រចេះ​,​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់​,​សហគមន៍​ក្រឡាន​, ភ្នំ​សំបុក​,​អន្លង់​ផ្សោត​កាំ​ពី និង​វិហារ​សរសរ​១០០​។ 
 
រយៈពេលខែ៦ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបចំនួន ១៤៧ ៤៣៨នាក់ បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៥៥ ៦៤២នាក់ ថយចុះ ៨ ២០៤នាក់ ស្មើនឹង ៥ភាគរយ។ ទេសចរជាង ១៤ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៤០ ៤៥០នាក់ និង ភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៩៨៨នាក់។ 
 
លោក ចាន់ សុគន្ធី អះអាងថា៖ «ការធ្លាក់ចុះចំនួនទេសចរមកកម្សាន្តក្នុងខេត្តក្រចេះនេះ មិន​មែនខេត្តក្រចេះមិនសូវមានតំបន់ទេសចរណ៍កម្សាន្តនោះឡើយ។  ទេសចរមិនសូវចាប់អារម្មណ៍កន្លែងកម្សាន្ត និងទេសចរមួយចំនួនគិតថា ខេត្តក្រចេះពិបាកធ្វើដំណើរផងដែរ»។ 
  
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។ រូបភាពី៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ

លោក ចាន់ សុគន្ធី បានលើកឡើងថា ខេត្តក្រចេះ មានកន្លែងកម្សាន្តជាច្រើន ប៉ុន្តែទេសចរមួយចំនួនហាក់បីមើលរំលង។ ការមិនសូវមានទេសចរទៅកម្សាន្តខេត្តក្រចេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់បម្រើការក្នុងវិស័យនេះ ជួបបញ្ហាជីវភាពដោយបាត់បង់ចំណូល​។ លើសពីនេះ លោក ចាន់ សុគន្ធី បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យងាកទៅកម្សាន្តនៅខេត្តក្រចេះ ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌។ 
 
ដោយឡែកតំបន់​ទេសចរណ៍​នៅតាម​តំបន់ឆ្នេរ​ខ្សាច់​ខេត្តក្រចេះភ្ញៀវទេសចរ​មិនអាច​ទៅ​កម្សាន្ត​បានទេ​ដោយសារ​តំបន់​ទេសចរណ៍​ទាំងនោះ ពឹង​ផ្អែកលើ​សក្តានុពល​ឆ្នេរ​ខ្សាច់ ដូចជា​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ជាដើម​។ ​
 
រីឯខេត្តស្ទឹងត្រែង ក៏ខ្សត់ទេសចរទៅកម្សាន្តដែរ។ ជាខេត្តមួយមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ ​ខេត្តស្ទឹងត្រែង ទទួលបានទេសចរតែ៨ម៉ឺននាក់តែប៉ុណ្ណោះ រយៈពេល៦ខែនាំឆ្នាំ២០២៣នេះ។ ចំនួនទេសចរនេះ មានការកើនឡើងប្រមាណ ១៥ភាគរយបើធៀបទៅឆ្នាំ២០២២ មានទេសចរជាង៦ម៉ឺននាក់។
  

រូបភាពផ្ដល់ដោយ​ប្រធាន​មន្ទីរទេសចរណ៍ខេត្ត​ក្រចេះ

យ៉ាងណាក៏ដោយ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង យល់ថាគិតថាចំនួនទេសចរដែលទៅកម្សាន្តនៅ​នៅឡើយ ខណៈខេត្តមួយនេះសម្បូរកន្លែងកម្សាន្តមិនចាញ់ខេត្តផ្សេងនោះទេ។ ខេត្តស្ទឹងត្រែង មានកន្លែងកម្សាន្តទាក់ទាញទេសចរជាច្រើន រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល។ នេះបើតាមប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង ដោយលោកបន្តទៀតថា ទេសចរ​ដែលចង់ដើរ​កម្សាន្ត​នៅ​ខេត្តស្ទឹងត្រែង គួរតែ​ចំណាយពេល​យ៉ាងហោចណាស់​២​យប់៣​ថ្ងៃ​ ដើម្បី​ទស្សនា​តំបន់​ទេសចរ​ដ៏​សម្បូរបែប​ក្នុងខេត្តភាគឦសានមួយនេះ។
 
ទន្ទឹមនឹងនោះ កំពុងជំរុញទេសចរណ៍បែបសហគមន៍ធម្មជាតិ សហគមន៍ទេសចរណ៍គ្រួសារ ព្រមទាំងកសិ-ទេសចរណ៍ ដើម្បីពង្រីកសក្តានុពលទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរ៕

លោក អ៊ុន ប៉ោសឿន  ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
 

Tag:
 រតនគិរី
  ក្រចេះ
  ស្ទឹងត្រែង
  ភាគឦសាន
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com