ជាតិ
ហ្គាណា ចង់វិនិយោគលើវិស័យស្រូវអង្ករកម្ពុជា
18, Jul 2023 , 8:59 pm        
រូបភាព
លោកស្រី Florence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណាប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
លោកស្រី Florence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណាប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ លោកស្រី Florence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណាប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ​ពីកម្ពុជា។ 


កិច្ចពិភាក្សាដែលធ្វើនៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា លោក ឌិត ទីណា បានបង្ហាញការស្វាគមន៍ ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរបស់ហ្គាណា លើវិស័យកសិកម្ម ដើម្បីដោះស្រាយសន្តិសុខស្បៀង។ សម្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្ម កិច្ចសហការរវាងកម្ពុជា និងហ្គាណា គឺសញ្ញាល្អ ដោយសារប្រទេសនេះ មានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។  
 
លោក ឌិត ទីណា បានបញ្ជាក់ទៅកាន់ លោកស្រី Florence Buerki Akonor ថា យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព, សុវត្ថិភាព កាត់បន្ថយថ្លៃដើម, តម្លៃបន្ថែមខ្ពស់, ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ 
 
ជាអាទិភាព ក្រសួងកសិកម្ម ពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា។ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូ កម្ពុជាប្រកាន់ជំហរលើគោលការណ៍ស្មើភាព ទាំងទុនវិនិយោគ និងផលប្រយោជន៍។
 
លោក ឌិត ទីណា បន្ថែមថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការជោគជ័យ គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធ ធាតុចូលសម្រាប់កសិកម្ម និងការចំណាយសម្រាប់ផលិតកម្មផងដែរ។ 
 
ជំហានបន្ទាប់ ភាគីទាំងពីរនឹងប្រជុំបន្តតាម Zoom ដើម្បីស្វែងយល់ពីគ្នាបន្ថែមទៀត និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) រវាងកម្ពុជា និងហ្គាណា ដោយ​ផ្តោតទៅលើអ្វីដែលយើងចង់សម្រេចបាន ភាគីពាក់ព័ន្ធ និងសិក្សាឱ្យបានច្បាស់លាស់ ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្ត ពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ។ 
 
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានបញ្ជាក់ដែរថា គោលនយោបាយកសិកម្មកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការវិនិយោគក្រៅប្រទេស និងការចូលរួមធានានូវសន្តិសុខស្បៀងពិភពលោក ស្របតាមការណែនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូចជាកិច្ចសហការវិនិយោគនៅប្រទេសគុយបា និងកូឌវ័រ ដែលអ្នកវិនិយោគកម្ពុជាធ្វើវិនិយោគផ្ទាល់ក្នុងប្រទេសទាំងនេះតែម្តង សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករផងដែរ ដោយកម្ពុជាផ្តល់ទាំងពូជ និងបច្ចេកទេស៕ 
 

Tag:
 កសិកម្ម
  ស្រូវ
  អង្ករ
  ហ្គាណា
© រក្សាសិទ្ធិដោយ thmeythmey.com