ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសលើទំព័រហ្វេសប៊ុក ដើម្បីស្វែងរកឪពុកម្ដាយចិញ្ចឹមឱ្យក្មេងកំព្រាចំនួន ៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ ក្នុងចំណោមកុមារទាំង ៨នាក់ គឺមាន ៤នាក់ជាកុមារមានកាយសប្បទារធម្មតា និង ៤នាក់ទៀតជាកុមារមានពិការ។ បច្ចុប្បន្នពួកគេកំពុងរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ និងមណ្ឌលបុរីទី១ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អ្នកមានបំណងចង់ស្មុំកូនចិញ្ចឹមនៅក្នុងប្រទេស ក៏ដូចជាចង់ផ្សារភ្ជាប់មនោសញ្ចេតនា ជាគ្រួសារចិញ្ចឹមដោយទឹកចិត្តសប្បុរស និងសេចក្ដីអាណិតចំពោះកុមារណាម្នាក់ ឬធ្វើជាអាណាព្យាបាលស្របច្បាប់ចំពោះកុមារកំព្រាទាំង ៨នាក់នោះ អាចដាក់ពាក្យស្នើសុំនៅនាយកដា្ឋនកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា៖« អ្នកដែលមានចំណាប់អារម្មណ៍ និងមានបំណងចង់ស្មុំកូនចិញ្ចឹមក្នុងប្រទេស ត្រូវតែជាសញ្ញាតិខ្មែរ និងមានទីលំនៅអចិន្រ្ទៃយ៍ក្នុងប្រទេសកម្ពុជា»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩ ខែកក្កដា ថា បុគ្គលដែលមានបំណងចង់ស្មុំកុមារក្នុងចំណោម ៨នាក់ខាងលើ ត្រូវទៅក្រសួងសង្គមកិច្ចដើម្បីស្ដាប់ការណែនាំរបស់អ្នកបច្ចេកទេសពីរបៀបរៀបចំឯកសារទទួលកូនយកទៅចិញ្ចឹម។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
អ្នកនាំពាក្យក្រសួងសង្គមកិច្ចរូបនេះ បន្តថា ការស្វែងរកឪពុកម្ដាយចិញ្ចឹមឱ្យកុមារកំព្រា គឺអនុវត្តជាជំហានៗ។ ដំបូងឡើយត្រូវជួយស្វែងរកសាច់ញ្ញាតិឱ្យពួកគេជាមុនសិន បើពួកគេគ្មានឪពុកម្ដាយបង្កើត បងប្អូន យាយតា អ៊ុំពូមីងទេ គឺក្រសួងនឹងអនុវត្តន៍តាមគោលការណ៍នីតិវិធី ដោយប្រកាសឱ្យមានការស្មុំកូននៅក្នុងប្រទេស ហើយបន្ទាប់មកស្មុំកូនក្រៅប្រទេស ។ តែបើមិនមានការស្មុំកូននោះទេ ចុងក្រោយគេយកក្មេងទាំងនោះ ទៅដាក់នៅមណ្ឌលកុមារកំព្រា។
លោក តូច ចាន់នី បានបញ្ជាក់ថា៖ «ជាគោលដៅរបស់ក្រសួងសង្គមកិច្ច មិនចង់ចិញ្ចឹមក្មេងក្នុងមណ្ឌលកុមារកំព្រាទេ គឺចង់ឱ្យក្មេងរស់នៅមានសាច់ញ្ញាតិ មានគ្រួសារធម៌ និងរស់នៅក្នុងសហគមន៍»។
បើតាមលោក តូច ចាន់នី ក្មេងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ចមានច្រើន ប៉ុន្តែលោកពុំទាន់អាចប្រាប់ពីតួលេខរួមជាក់លាក់បានទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ការប្រកាសស្វែងរកឪពុកម្ដាយធម៌ឱ្យក្មេងនៅក្នុងប្រទេសគឺល្អសម្រាប់ពួកគេ ប៉ុន្តែក្មុងចំណោមក្មេង ៨នាក់ មាន ៤នាក់ជាកុមារពិការភាព។ ត្រង់ចំណុចនេះ លោក សំអាត មានការព្រួយបារម្ភពួកគេមានការលំបាក ឬរងការធ្វើទានុកម្មក្នុងរូបភាពណាមួយ ។
ដូច្នេះលោកសំណូមពរឱ្យក្រសួងតាមដានពីការរស់នៅរបស់ពួកគេ បន្ទាប់ពីមានសប្បុរសជនយកពួកគេទៅចិញ្ចឹម។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ។ រូបភាព៖ screenshot ពីវីដេអូឡាយរបសើអង្គការលីកាដូ
លោក អំ សំអាត បានបញ្ជាក់ថា៖ «ការបើកឱ្យមានការស្មុំកូន អាចមានក្នុងប្រទេសផង និងក្រៅប្រទេសផង ដូច្នេះបើមានក្រៅប្រទេសគួរមានយន្តការក្នុងការពារលើសិទ្ធកុមារ។ ហើយក្នុងប្រទេស ត្រូវត្រួតពិនិត្យ និងតាមដានសុវត្ថិភាពពីការរស់នៅរបស់ក្មេង ឱ្យប្រាកដថាឪពុកម្ដាយចិញ្ចឹមពួកគេមើលថែបានល្អ»។
លោក អំ សំអាត បានបន្តថា ទិដ្ឋភាពការស្មុំកូនអន្តរប្រទេស កន្លងមកឃើញមានបញ្ហាច្រើនដូចជា ការបែកបាក់គ្រួសារ មិនទាន់មានយន្តការដើម្បីការពារក្មេងឱ្យច្បាស់លាស់ពិតប្រាកដ និងបាត់អត្តសញ្ញាណក្មេងជាដើម៕