ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បានយកគ្រឿងចក្រស្តារសំរាមតាមអូរ ដើម្បីបញ្ចៀសទឹកជន់ 23, Jul 2023 , 4:59 pm
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារតាមអូរនានា ក្នុងក្រុងព្រះសីហនុ ដែលមានសំរាម ដើម្បីបង្ការការកក់ស្ទះ និងរំដោះលំហូរទឹកភ្លៀង។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រជាច្រើនគ្រឿង ចុះស្ដារអូរឈើទាល មានប្រវែង ២២០០ម៉ែត្រ។ ក្នុងនោះក៏មាន អូរសម្អាត មានប្រវែង ៧០០ម៉ែត្រ ត្រូវបានកាយយកសំរាមចេញពី ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ការស្តារអូរ ឬប្រឡាយទាំងនេះ ដើម្បីរំដោះលំហូរទឹកភ្លៀង ធ្វើឱ្យចរន្តផ្លូវទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយសារទឹកភ្លៀង។
យោងតាម ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។
ការព្យាករណ៍បានបង្ហាញថា តំបន់សមុទ្រ គឺមានសីតុណ្ហភាពអប្បរមា ពី ២២-២៦អង្សារសេ ចំពោះសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សារសេ។ ដោយឡែក នៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ៖
© រក្សាសិទ្ធិដោយ thmeythmey.com