ជាតិ
ក្រោយមានសន្ទុះភ្ញៀវខ្លាំង មន្រ្តីខេត្តកំពង់ស្ពឺ ប្ដេជ្ញាពង្រឹងសេវាទេសចរណ៍ឱ្យកាន់តែល្អ
26, Jul 2023 , 7:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទេសចរជាតិប្រមាណ ១៥ ០០០នាក់ បានដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃបោះឆ្នោត។ ក្នុងនោះ ទេសចរអន្តរជាតិ មានចំនួន ១៧៥នាក់ផងដែរ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នឹងបន្តអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងខេត្ត និងបង្កើនផលិតផលទេសចរណ៍តាមសហគមន៍ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺទេសចរកាន់តែចាប់អារម្មណ៍។
 
ចំពោះការហក់ឡើងនៃចំនួនភ្ញៀវទេសចរក្នុងខេត្តកំពង់ស្ពឺ លោក រស់ សុខ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ខេត្តកំពង់ស្ពឺ មានទេសចរមកកម្សាន្តច្រើនក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ ដោយកើនឡើងប្រមាណ៣០ភាគរយ។ 
 
ទិដ្ឋភាពទេសចរសម្រុកទៅកម្សាន្តនៅគិរីរម្យ។ រូបភាពពី៖ Camping Park

ប្រធានមន្ទីរទេសចរណ៍រូបនេះ បញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ទេសចរសម្រុកទៅកម្សាន្តនៅគិរីរម្យ គួរឱ្យកត់សម្ភាល់ ព្រោះពលរដ្ឋទៅបោះឆ្នោត។ តំបន់ទេសចរណ៍មានភាពល្បីល្បាញ មានដូចជា  ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ, ទឹកធ្លាក់ជ្រាវ,  ភ្នំខ្នងផ្សារ និងភ្នំឱរ៉ាល់។
 
លោក រស់ សុខ ថ្លែងដូច្នេះ៖ «មន្រ្តីជំនាញ និងអាជីវករ ដែលពឹងផ្អែកវិស័យទេសចរណ៍នៅគិរីរម្យ និងតំបន់នានាក្នុងខេត្តកំពង់ស្ពឺ នឹងខិតខំអភិវឌ្ឍតំបន់ទេសចរណ៍ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះ»។ 
 
ភ្ញៀវទេសចរ ភាគច្រើនទៅសម្រាកលម្ហែនៅទីនោះនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ តាមរយៈសក្តានុពលទាំងនេះ ធ្វើឱ្យទេសចរណ៍ខេត្តកំពង់ស្ពឺនៅតែមានសកម្មភាព ដែលអាចផ្ដល់ចំណូលដល់ប្រជាជនមូលដ្ឋាន។ 
 
លោក រស់ សុខ នឹងបន្តអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងខេត្ត និងបង្កើនផលិតផលទេសចរណ៍តាមសហគមន៍ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺទេសចរកាន់តែចាប់អារម្មណ៍។ 
ចុងសប្តាហ៍ទេសចរនិយម ទៅសម្រាកតាមរីសត ឬបោះតង់នៅគិរីរម្យ ព្រោះគិរីរម្យ មានទេសភាពស្រស់ស្អាត ខ្យល់ត្រជាក់ និងអាចគយគន់ទេសភាពពីលើភ្នំ យ៉ាងរីករាយផងដែរ។ ខេត្តនេះបានទាក់ទាញអ្នកធ្វើការ ឬរស់នៅរាជធានីភ្នំពេញច្រើន ព្រោះពួកគេចំណាយពេលវេលាតិចក្នុងការធ្វើដំណើរ ហើយអាចរំសាយអារម្មណ៍តាមបែបធម្មជាតិបាន។
 
សូមជម្រាបថា ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិកែច្នៃ ៥កន្លែង និងកសិ-ទេសចរណ៍ ៣កន្លែង។  ជាមួយគ្នានេះ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាំង៤កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង៕
 
 

Tag:
 ទេសចរណ៍
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com