អន្តរជាតិ
សភាថៃ ប្រកាសលើកថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថៃជាថ្មី
03, Aug 2023 , 5:07 pm        
រូបភាព
សភាថៃ។ រូបភាព AFP
សភាថៃ។ រូបភាព AFP
ប្រធានសភាថៃ នៅថ្ងៃទី៣ ខែសីហា បានសម្រេចលើកថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា។ ការសម្រេចនេះ ធ្វើឡើងក្រោយតុលាការធម្មនុញ្ញថៃ បានលើកពេលចេញសេចក្តីសម្រេចធម្មនុញ្ញភាពលើដំណោះស្រាយរបស់សភាដែលច្រានចោលលោក Pita Limjaroenrat ក្នុងការឈរឈ្មោះជានាយករដ្ឋមន្រ្តី។
 
ពេលនេះ បរិបទនយោបាយថៃ កំពុងតែស្មុគស្មាញ ខណៈប្រមុខរដ្ឋាភិបាលថៃថ្មី នៅតែមិនទាន់រើសបាន។ ជាថ្មីម្តងទៀត សភាថៃបានប្រកាសលើកពេលរើសនាយករដ្ឋមន្រ្តីថៃថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដោយសារតែតុលាការធម្មនុញ្ញថៃ មិនទាន់សម្រេចលើការបដិសេធរបស់សភាលើការឈរឈ្មោះរបស់លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ជាបេក្ខជននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៩ ខែកក្កដា។ 
 
«តុលាការធម្មនុញ្ញ មិនទាន់បានសម្រេចលើពាក្យបណ្តឹងពីការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី និងសំណើការិយាល័យស៊ើបអង្កេតថៃក្នុងការលើកថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថៃថ្មី»។ ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែសីហា។ 
 
ការប្រកាសបែបនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយតុលាការធម្មនុញ្ញថៃ បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី៣ ខែសីហាថា ពាក្យបណ្តឹងត្រូវតែពិនិត្យឱ្យបានម៉ត់ចត់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
តាមសេចក្តីថ្លែងការណ៍នោះ តុលាការបានបញ្ជាឱ្យមន្រ្តីរបស់ខ្លួនសិក្សាពីព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រលើការពិនិត្យរបស់ខ្លួនដោយសារតែពាក្យបណ្តឹងនោះមានទាក់ទង នឹងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ តុលាការធម្មនុញ្ញ ត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចនៅថ្ងៃទី១៦ ខែសីហា។ 
 
បក្សឆ្ពោះទៅមុខ ជាអ្នកស្នើឱ្យមានការបកស្រាយលើការច្រានចោលរបស់សភាចំពោះបេក្ខភាពលោក Pita ។
 
គួររំឭកថា បក្សភឿថៃ នៅថ្ងៃទី២ ខែសីហា បានប្រកាសពីបង្កើតសម្ព័ន្ធបក្សនយោបាយថ្មី ដោយមិនបញ្ចូលបក្សឆ្ពោះទៅមុខ។ បក្សភឿថៃ នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្រ្តី។ ការប្រកាសបែបនេះ ធ្វើឡើងដើម្បីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាថៃ ដែលភាគច្រើនចង់ឱ្យបក្សឆ្ពោះទៅមុខចេញពីសម្ព័ន្ថបក្សនយោបាយ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com