អន្តរជាតិ
រុស្ស៊ីដាក់ន័រវែស ក្នុងបញ្ជីរដ្ឋអមិត្ត ក្រោយបណ្តេញមន្រ្តីទូតទៅវិញទៅមក
04, Aug 2023 , 8:59 am        
រូបភាព
រូបភាព Tass
រូបភាព Tass
រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃទី៣ ខែសីហាបានរួមបញ្ចូលន័រវែសទៅក្នុងបញ្ជីរដ្ឋបរទេស ដែលបានប្រព្រឹត្តសកម្មភាពអមិត្តប្រឆាំងមន្រ្តីទូតរុស្ស៊ី និងស្ថានកុងស៊ុលខ្លួននៅបរទេស។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានរឹតត្បិត ឱ្យមានចំនួនមន្រ្តីទូតដែលន័រវែសអាចជួលនៅរុស្ស៊ី មកត្រឹម ២៧នាក់ប៉ុណ្ណោះ។
 
នៅក្នុងខែមេសាកន្លងមក ន័រវែស បានបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ១៥រូប ក្រោមបទចោទចារកិច្ច។ ជាការសងសឹករុស្ស៊ី បានបណ្តេញមន្រ្តីទូតន័រវែសចំនួន ១០រូបវិញ។ ក្រោយការដាក់ចេញចំណាត់ការទៅវិញទៅមកបែបនេះ គណៈរដ្ឋមន្រ្តីរុស្ស៊ី បានបន្ថែមន័រវែស ទៅក្នុងបញ្ជីរដ្ឋបរទេស ដែលបានប្រព្រឹត្តសកម្មភាពអមិត្តប្រឆាំងមន្រ្តីទូតរុស្ស៊ី និងស្ថានកុងស៊ុលខ្លួននៅបរទេស។
 
«យើងអនុម័តក្រឹត្យប្រធានាធិបតីរុស្ស៊ីលើវិធានការប្រឆាំងនឹងសកម្មភាពអមិត្តរបស់រដ្ឋបរទេស»។ សេចក្តីថ្លែងការណ៍រុស្ស៊ី ដែលចេញនៅថ្ងៃទី៣ ខែសីហា បានបញ្ជាក់បែបនេះ ដោយបន្តថា ក្រឹត្យមួយនេះ បានបញ្ជាក់ពីការរឹតត្បិត និងអាចឈានដល់ការហាមឃាត់ទាំងស្រុង លើរដ្ឋអមិត្តក្នុងការជួលបុគ្គលិកនៅស្ថានទូតរបស់ខ្លួន ស្ថានកុងស៊ុល ការិយាល័យតំណាងរបស់រុស្ស៊ី និងស្ថាប័នរដ្ឋ ពីប្រជាជនដែលរស់នៅក្នុងរុស្ស៊ី។ 
 
ទន្ទឹមនេះ សេចក្តីថ្លែងការណ៍ដដែលនោះ បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីកំណត់ចំនួនមន្រ្តីទូតនៅក្នុងស្រុក ដែលន័រវេសអាចជួលបាន ក្នុងស្ថានបេសកកម្មការទូតនៅរុស្ស៊ីត្រឹម ២៧នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tass។ 
 
យ៉ាងណាមិញ ន័រវែស បានអះអាងថា ខ្លួនគ្មានហេតុផលអ្វី ក្នុងការបង្ហាញសកម្មភាពបែបអមិត្តចំពោះរុស្ស៊ីឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសន័រវេសមួយរូប បានអះអាងថា ខ្លួនមិនទាន់ទទួលបានសេចក្តីជូនដំណឹងពីភាគីរុស្ស៊ីឡើយ។ 
 
កន្លងមក រុស្ស៊ី ធ្លាប់អនុវត្តលើអាម៉េរិក ឆែក ក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគីជាដើម។ រដ្ឋទាំង៨នេះ គាំទ្រអ៊ុយក្រែន ក្នុងការទប់នឹងរុស្ស៊ី នៅក្នុងសង្រ្គាម៕
 

Tag:
 រុស្ស៊ី
  ន័រវែស
© រក្សាសិទ្ធិដោយ thmeythmey.com