អន្តរជាតិ
អាម៉េរិកថា មិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋមន្រ្តីការបរទេសចិន
04, Aug 2023 , 11:34 am        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជាមួយសមភាគីចិន លោក វ៉ាង យី នៅឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២២។ រូបភាព AFP
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជាមួយសមភាគីចិន លោក វ៉ាង យី នៅឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២២។ រូបភាព AFP
អាម៉េរិក មិនទាន់ទទួលបានការឆ្លើយតបពីចិន ទាក់ទិននឹងការអញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី លោក វ៉ាង យី ទៅក្រុងវ៉ាស៊ីនតោនឡើយ។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែសីហា ដោយបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមានឱកាសជជែកជាមួយក្រុងប៉េកាំង លើបញ្ហាសំខាន់ៗជាច្រើន។​


ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១ ខែសីហា បានប្រកាសថា ខ្លួនបានអញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី លោក វ៉ាង យី ទៅក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពីបញ្ហាប្រឈមនៅចំពោះមុខជាច្រើន។ សំណើនេះ ធ្វើឡើងក្នុងអំឡុងជំនួបរវាងឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink ជាមួយលោក Yang Tao អគ្គនាយកកិច្ចការអាម៉េរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន។
 
«យើងមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ»។ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉ក ក្នុងថ្ងៃទី៣ ខែសីហា។ ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មានឱកាសជួបគ្នា ដើម្បីបន្តកិច្ចសន្ទនា ដែលលោកធ្លាប់មាន ក្នុងដំណើរទស្សនកិច្ចនៅចិន ក្នុងខែមិថុនាកន្លងមក។ 
 
នៅក្នុងថ្ងៃទី៣ ខែសីហាដដែល ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ជូនទីភ្នាក់ងារព័ត៌មាន Reuters ថា ចិនមានឆន្ទៈបន្តកិច្ចសន្ទនាជាមួយអាម៉េរិក ជាមួយនឹងលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកវ៉ាង ទៅអាម៉េរិក នៅថ្ងៃអនាគត។ យ៉ាងណាមិញ ក្រសួងការបរទេសចិន មិនបានបញ្ជាក់បន្ថែមអ្វីទៀតឡើយ។ 
 
ចិន មានភាពរកាំរកូសជាមួយជាច្រើនដូចជា កោះតៃវ៉ាន់, ប្រជាធិបតេយ្យនៅហុងកុង, បញ្ហាសិទ្ធិមនុស្សនៅទីបេ និងស៊ីនជាំង ក៏ដូចជាសង្រ្គាមពាណិជ្ជកម្មជាដើម។ ប្រសិនបើមានជំនួបរវាងលោក វ៉ាង និងលោក ប្លីងខិន នៅថ្ងៃខាងមុខ សង្រ្គាមនៅអ៊ុយក្រែន ក៏អាចលើកទៅពិភាក្សាផងដែរ។ 
 
កន្លងមក ចិន បានជំរុញឱ្យអាម៉េរិក គោរពគោលនយោបាយចិនតែមួយរបស់ខ្លួនជាញឹកញាប់ ក្រោយអាម៉េរិកផ្តល់ភ្លើងបៃតង និងផ្តល់ជំនួយទៅតៃវ៉ាន់ផង៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com