អន្តរជាតិ
អាម៉េរិកចាប់ខ្លួនកងទ័ពជើងទឹក ២នាក់ ដោយសារផ្តល់ព័ត៌មានយោធាសំខាន់ទៅចិន
04, Aug 2023 , 1:58 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
កងទ័ពជើងទឹកអាម៉េរិក ២នាក់ ត្រូវបានចាប់ខ្លួន លើបទចោទប្រគល់ព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិទៅឱ្យចិន។ មន្រីអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែសីហា។
 
ខណៈទំនាក់ទំនងចិន និងអាម៉េរិក កំពុងមានភាពរកាំរកូសជុំវិញបញ្ហាជាច្រើន រួមទាំងយោធាផង មន្រ្តីអាម៉េរិកមួយរូប បានអះអាងថា កងទ័ងជើងទឹកអាម៉េរិក ២នាក់ ត្រូវបានចាប់ខ្លួន ពីបទប្រគល់ព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិឱ្យទៅចិន។ យ៉ាងណាមិញ មកទល់ពេលនេះ អាម៉េរិក មិនបានបង្ហាញពីទីតាំងរបស់កងទ័ពជើងទឹកទាំងពីរនាក់ខាងលើឡើយ។ 
 
មន្រ្តីចក្របាលទោ Wenheng Zhao វ័យ ២៦ឆ្នាំ ត្រូវបានចោទពីបទសមគំនិត និងទទួលសំណូកពាក់ព័ន្ធនឹងការទទួលលុយប្រមាណ ១៥០០០ដុល្លារ ដើម្បីដោះដូររូបថត និងវីដេអូព័ត៌មានដ៏សំខាន់របស់យោធាអាម៉េរិក។ ចំណែកមន្រ្តីកងទ័ពជើងអាម៉េរិកមួយរូបទៀត Jinchao Wei ត្រូវបានចោទពីបទការរៀបចំគម្រោងសម្ងាត់ ក្នុងការបញ្ជូនព័ត៌មានការពារជាតិអាម៉េរិកទៅចិន ដើម្បីដោះដូរជាមួយនឹងលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«ដោយសារសកម្មភាពរបស់បុគ្គលទាំងពីរ ព័ត៌មានយោធាដ៏សំខាន់ ត្រូវបានធ្លាក់ទៅក្នុងដៃចិន»។ ជំនួយការអគ្គរដ្ឋអាជ្ញាអាម៉េរិក លោក Matt Olsen បានប្រាប់អ្នកសារព័ត៌មានបែបនេះ ​នៅក្នុងរដ្ឋ San Diego ក្នុងថ្ងៃទី៣ ខែសីហា។ 
 
ក្រោយព័ត៌មានបែបនេះ មន្រ្តីស៊ើបអង្កេតអាម៉េរិក បានរិះគន់ចិនយ៉ាងខ្លាំង។ លោក Stacey Moy ទីភ្នាក់ងារពិសេសរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានបញ្ជាក់ថា គ្មានការគំរាមកំហែងណាចំពោះអាម៉េរិក ធំជាងចិនឡើយ។ បើតាមមន្រ្តីរូបនេះ ចិននឹងមិនបញ្ឈប់ការវាយប្រហារអាម៉េរិក តាមរយៈផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីក្លាយជាមហាអំណាចផ្តាច់មុខឡើយ។ 
 
មកទល់ពេលនេះ ស្ថានទូតចិន ក៏ដូចជាក្រសួងការបរទេសចិន មិនទាន់បានឆ្លើយតបនឹងព័ត៌មានខាងលើឡើយ៕ 
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com