អន្តរជាតិ
ប្រមុខការពារជាតិរុស្ស៊ី បំពេញទស្សនកិច្ចនៅដែនដីអ៊ុយក្រែន គ្រប់គ្រងដោយរុស្ស៊ី
04, Aug 2023 , 4:59 pm        
រូបភាព
ប្រមុខការពារជាតិរុស្ស៊ី លោក​Sergei Shoigu។ រូបភាពក្រសួងការពារជាតិរុស្ស៊ី
ប្រមុខការពារជាតិរុស្ស៊ី លោក​Sergei Shoigu។ រូបភាពក្រសួងការពារជាតិរុស្ស៊ី
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចតំបន់សង្រ្គាមក្នុងអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែសីហា ដោយ បន្តថា ប្រមុខការពារជាតិរុស្ស៊ី បានត្រួតពិនិត្យបញ្ជាការដ្ឋាន និងសម្ភារយោធា ដែលរឹបអូសបានពីលោកខាងលិច។


ខណៈសង្រ្គាមជាមួយអ៊ុយក្រែននៅតែបន្ត និងមិនទាន់មានច្រកចេញ លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីជួបជាមួយមន្រ្តីយោធា ក៏ដូចជាមេបញ្ជាការយោធាខ្លួន។ តាមរូបភាពផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី៤ ខែសីហា លោក Shoigu បានជួបជាមួយមន្រ្តី និងពិនិត្យមើលរថយន្តប្រយុទ្ធពាសដែករបស់ស៊ុយអែត ដែលត្រូវរឹបអូសដោយទាហានរុស្ស៊ី។ 
 
ទន្ទឹមនេះ ប្រមុខការពារជាតិរុស្ស៊ីរូបនេះ​​ ក៏ទទួលបានការបកស្រាយពីស្ថានភាពនៅតំបន់សង្រ្គាម ដែលកំពុងវិវដ្ត ពីមេបញ្ជាការរបស់ខ្លួនផង។ ស្របគ្នានេះ លោក Shoigu បានជូនពរឱ្យមេបញ្ជាការ និងកងកម្លាំងទាំងអស់សម្រាប់ប្រតិបត្តិការវាយប្រហារជ័យជម្នះនៅក្នុងតំបន់ Lyman ស្ថិតនៅអ៊ុយក្រែនភាគខាងកើត។ 
 
យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ពីពេលវេលា​ និងតំបន់ ដែលលោក Shoigu បានបំពេញទស្សនកិច្ចឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
កន្លងមក ប្រមុខការពារជាតិរុស្ស៊ី បានអះអាងថា​ អ៊ុយក្រែនបាត់បង់ទ័ពលើស ២ម៉ឺននាក់ និងសព្វាវុធជាង ២ពាន់គ្រឿង៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com