ហឿន សុភ័ក្រ្ត
សៀមរាប៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មួយចំនួនធំ នៅតែបន្តធ្វើការងារផ្សេងៗក្រៅពីអាជីព ហើយខ្លះពុំមានការងារធ្វើ ដោយសារវិបត្តិជំងឺកូវីដ១៩។ ពួកគេភាគច្រើនមិនទាន់ចូលមកធ្វើការក្នុងវិស័យទេសចរណ៍វិញទេ ទោះបីព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងដំណើរការនៅក្នុងខែតុលាខាងមុខក៏ដោយ។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដោយលើកឡើងថា សមាគមមានសមាជិកសរុប៨៦៤នាក់ ក្នុងនោះស្រី១៤០នាក់ ហើយអ្នកនាំភ្ញៀវភាគច្រើនរួមទាំងរូបលោកមិនទាន់បានត្រឡប់ចូលធ្វើការវិញទេ ដោយពួកគេកំពុងធ្វើការឱ្យក្រុមហ៊ុនឯកជននៅឡើយ នៅតាមបណ្តាខេត្តផ្សេងៗ ទោះបីព្រលានយន្តហោះថ្មីនៅសៀមរាប ត្រៀមបើកដំណើរការជាផ្លូវការនាឆាប់ៗខាងមុខក៏ដោយ។ លោកបន្តថា ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍មិនទាន់ហ៊ានរំពឹងខ្ពស់ថា នឹងមានភ្ញៀវច្រើនត្រឡប់មកវិញដូចមុនកូវីដទេ ហើយបច្ចុប្បន្នមានតែរកការងារក្រៅធ្វើសិន និងរង់ចាំមើលស្ថានការណ៍បន្តទៀត។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ចិន-កម្ពុជា។ រូបភាពពីលោក ធៀម ធឿង
លោក ធៀម ធឿង បានលើកករណីក្រុមហ៊ុនទេសចរណ៍ចិនដ៏ធំនៅខេត្តសៀមរាបមួយ ដែលពីមុនក្នុងមួយខែ អាចទទួលភ្ញៀវបានជាងមួយពាន់ក្រុម ទាំងក្រុមតូច និងធំ ។តែបច្ចុប្បន្ននេះ ទទួលភ្ញៀវបានប្រហែលជា៣០ទៅ៣៥ក្រុមប៉ុណ្ណោះក្នុងមួយខែ។ ការណ៍នេះ តម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ក៏ថមថយខ្លាំងដែរ គឺតម្រូវការមានតិចធៀបនឹងពេលមុន។
យ៉ាងណាមិញ លោក ធៀម ធឿង ប៉ាន់ស្មានថា ទេសចរចិនអាចងើបឡើងវិញបន្ដិច នៅពេលបើកព្រលានថ្មី ដោយសារមានចំណុចឯកភាព ឬយោគយល់ណាមួយ។ លោកពន្យល់ថា រាជរដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យទេសចរចិនធ្វើដំណើរមកខ្លះពេលបើក។ តែក្នុងកម្រិតណាមួយនោះ លោក ធៀម ធឿង មិនច្បាស់ទេ។ លោកពន្យល់ថា៖« ខ្ញុំគិតថានឹងអាចមានភ្ញៀវទេសចរចិនកើនឡើងច្រើនដោយសារតែព្រលាននេះសាង់សង់ដោយក្រុមហ៊ុនចិន តែថាបន្តិចក្រោយមកនឹងមានការថយចុះភ្ញៀវដោយសារតែរដ្ឋាភិបាលចិនមិនអនុញ្ញាតិ វាជារឿងមួយពាក់ព័ន្ធនឹងខាងប្រទេសចិនខ្ញុំមិនច្បាស់ទេ»។
ពាក់ព័ន្ធនឹងការលើកឡើងថា ទេសចរចិនមិនហ៊ានមកដោយសារមានព័ត៌មានចាប់ជំរិតក្នុងប្រទេសកម្ពុជានោះ ប្រធានសមាគម លោក ធៀម ធឿង យល់យ៉ាងដូច្នេះថា៖«នៅក្នុងប្រទេសនីមួយៗ ខ្ញុំគិតថាមិនអត់ទេបញ្ហានេះ ហើយនៅខ្មែរយើង គឺយើងឃើញស្រាប់ហើយថា បើសិនមានព័ត៌មានណាពាក់ព័ន្ធជាមួយរឿងអសន្តិសុខក្នុងសង្គម យើងតែងតែឃើញខាងប៉ូលីសគេចុះចាប់ចេញមុខជួយដោះស្រាយរាល់ពេលជាបន្តបន្ទាប់បានទាន់ពេល»។
ក្រៅពីព្យាយាមមិនបកស្រាយច្រើនជុំវិញករណីខាងលើ ក៏ដូចជាបញ្ហាទេសចរមិនទាន់ត្រឡប់មកវិញ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ចិន-កម្ពុជា បានដាក់ក្ដីរំពឹងខ្ពស់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍នឹងអាចរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរ ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលរៀបចំកន្លងមកជាដើម។
ប្រធានសមាគមទេសចរណ៍កម្ពុជាសាខាខេត្តសៀមរាប (Cambodia Tourism Association Siem Reap branch-CATA) លោក អេង គន្ធា បានបង្ហាញគំនិតសុទិដ្ឋិនិយមថា វត្តមានព្រលានយន្តហោះថ្មី ជាក្តីសង្ឃឹមមួយសម្រាប់ប្រតិបត្តិករទេសចរណ៍។ លោកពន្យល់ថា ព្រលានយន្តហោះខ្នាតយក្សនេះ នឹងទាក់ទាញជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗជុំវិញពិភពលោកដូចជាប៉ែកអឺរ៉ុបជាដើម។
លោក អេង គន្ធា ប្រធានសមាគមCATAសៀមរាប។ រូបភាពពីលោក អេង គន្ធា
ថ្លែងប្រាប់សារព័ត៌មានព័ត៌មានថ្មីៗលោក អេង គន្ធា បានបញ្ជាក់ថា ព្រលានយន្តហោះថ្មីពិតជាមានសមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលជើងហោះហើរត្រង់កាន់តែច្រើនដែលអាចដឹកអ្នកដំណើរជាតិនិងអន្តរជាតិមកពីបណ្តប្រទេសនានាលើពិភពលោកចូលមកកម្ពុជា ធ្វើអោយកម្ពុជាក្លាយជាគោលដៅតែមួយ (Single Destination) សម្រាប់ទេសចរដែលមានបំណងស្នាក់នៅរយៈពេលវែង។ លោកពន្យល់ថា៖« កន្លងមកយើងគ្រាន់តែជាប្រទេសគោលដៅបន្ទាប់ (Extension Destination) ក្រោយពីពួកគេបានចូលទស្សនាប្រទេសជិតខាងយើងរួចហើយ។ ការហោះហើរត្រង់ពិតជាបានកាត់បន្ថយការចំណាយរបស់ភ្ញៀវដោយសារគាត់មិនចាំបាច់ត្រូវតជើងហោះហើរច្រើនដំណាក់កាល និងចំណាយពេលតិចក្នុងការធ្វើដំណើរ»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport)មានចម្ងាយ ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប ស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលាននេះ ស្ថិតក្រោមទុនវិនិយោគ ប្រមាណ ៩០០លានដុល្លារ ដែលនឹងគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ២០២៣ តទៅ។ ព្រលាននេះមានចំណតសម្រាប់យន្តហោះចុះចតចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ៕