ត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) មានវ័យ ៥៦ឆ្នាំហើយ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះ តំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ កំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ។ មកទល់ពេលនេះ សមាគមមួយនេះ មានសមាជិកពេញសិទ្ធិចំនួនដប់ប្រទេស និងដៃគូសន្ទនាជាច្រើនប្រទេសទៀត។
ចាប់តាំងពីការបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ បានឆ្លងកាត់វិបត្តិជាច្រើន ទម្រាំក្លាយជាអង្គការតំបន់ដែលមានតួនាទីស្នូល និងអាចទាក់ទាញមហាអំណាចពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។
ថ្ងៃនេះសារព័ត៌មានថ្មីៗសូមលើកយកកាលបរិច្ឆេទនៃការចូលជាសមាជិកអាស៊ានរបស់សមាជិកទាំង ១០ ដើម្បីរំលឹកខួបនៃការបង្កើតអង្គការនេះ៖
១. ថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
២. ម៉ាឡេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៣. សិង្ហបុរី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៤. ហ្វីលីពីន ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៥. ឥណ្ឌូណេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៦. ព្រុយណេ ដារូសាឡឹម ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤
៧. វៀតណាម ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
៨. មីយ៉ាន់ម៉ា ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
៩. ឡាវចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
១០. កម្ពុជាចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
នាកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន យល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំអាស៊ានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
បន្ថែមពីនេះអាស៊ាន ក៏បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតនៃសសរស្តម្ភ ទាំង៣ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយ ត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់ ឱ្យអនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
ក្រោយទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីនៅឆ្នាំ២០០២ ទីម័រឡេស្តេ ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១៕