កីឡាជាតិ
ជាតិ
U-14 សៀមរាបយូណាយធីត នឹងមានជំនួបមិត្តភាពទល់ក្រុមថៃ OAZ Academy 09, Aug 2023 , 10:26 am
ការប្រកួតរបស់ក្រុមបាល់ទាត់U-14 OAZ Academy (ខៀវ)នាពេលកន្លងមក។ រូបពី OAZ
× សៀមរាប៖ ក្រុមកីឡាបាល់ទាត់សៀមរាប យូណាយធីត អាយុក្រោម១៤ឆ្នាំ នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមពីប្រទេសថៃ OAZ Academy នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាប យូណាយធីត ថាការប្រកួតមិត្តភាពនេះ ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Federation)ផងដែរ។
«ការប្រកួតនេះយើងទទួលបានការអនុញ្ញាតពី AFC»។ លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាប យូណាយធីត ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៥ ខែសីហា ដូច្នេះបន្ទាប់ពីមានការយល់ព្រមទាំងភាគីកម្ពុជា និងថៃ ក្នុងការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងនេះ។ លោក ដារី ក៏បានបញ្ជាក់បន្ថែមផងដែរថានេះជាការប្រកួតលើកដំបូងសម្រាប់ឈុតថ្នាល់អាយុក្រោម ១៤ឆ្នាំ។
ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ សៀមរាបយូណាយធីត ទទួលបានបទពិសោធច្រើនដែរនាពេលកន្លងមកពោលក្រុមមានទីតាំងនៅខេត្តសៀមរាបមួយនេះ ទទួលបានការប្រកួតមិត្តភាពជាតិ និងពានរង្វាន់មួយចំនួន។
ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ OAZ Football Academy នេះទៅ សៀមរាបយូណាយធីត ក៏គ្រោងបង្កើតពានរង្វាន់មិត្តភាពអន្តរជាតិមួយទៀតផងដែរនៅពាក់កណ្តាលខែតុលា ២០២៣នេះ។
«សម្រាប់ពានរង្វាន់យុវជនអន្តរជាតិគឺសុទ្ធតែមានក្រុមខ្លាំងៗចូលរួមពោលមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី»។ លោក ប៊ួយ ដារី អះអាងដូច្នេះ មុនបន្ថែមថា ព្រឹត្តិកាណ៍នេះ ក្លិបបាល់ទាត់យូណាធីត កំពុងបន្តដំណើរបណ្តើរៗហើយ។
គួបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិយុវជនអាយុក្រោម ១៤ឆ្នាំរវាងក្រុមម្ចាស់ផ្ទះ សៀមរាប យូណាយធីត និងភ្ញៀវមកពីប្រទេសថៃ OAZ Football Academy នឹងធ្វើនៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៣។ ចំពោះតម្លៃសំបុត្រចូលទស្សនាការប្រកួតរួមមាន ៦០០០រៀល, ៤០០០រៀល និង១០០០រៀល៕
Tag:
កីឡាបាល់ទាត់
ប៊ួយ ដារី
© រក្សាសិទ្ធិដោយ thmeythmey.com