កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៣៩ឆ្នាំ Iniesta បន្តអាជីពជាមួយក្លិប Emirates Club នៅអេម៊ីរ៉ាតអារ៉ាប់រួម 09, Aug 2023 , 5:19 pm
× អតីតខ្សែបម្រើក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ Andre Iniesta ទៅចូលរួមក្រុម Emirates Club លីគកីឡាបាល់ទាត់ក្នុងប្រទេសអេម៊ីរ៉ាតអារ៉ាប់រួម។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ UAE Pro League ថ្ងៃទី៨ ខែសីហា។
បើតាមការបង្ហោះរបស់ក្លិប Emirates Club នៅលើបង្ហាញសង្គម X អតីត Twitter បានសរសេរដូច្នេះថា«ស្វាគមន៍ Iniesta»។
ក្លិបដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ras Al-Khaimah បានបង្ហោះសារលាយឡំជាមួយរូបភាពរបស់អតីតខ្សែបម្រើក្រុម Barcelona បានពាក់អាវក្រុម Emirates Club។ តាមរយៈការប្រកាសរបស់ក្លិបដដែលនោះ សន្និសីទកាសែតដំបូងរបស់គេនឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា។
កីឡាករវ័យ ៣៩ឆ្នាំ បានចាកចេញពីក្រុម Vissel Kobe ប្រទេសជប៉ុន កាលពីខែកក្កដាកន្លងទៅបន្ទាប់ពីរួមរស់អស់រយៈពេល ៥ឆ្នាំ។ នៅប្រទេសជប៉ុន Iniesta បានចំណាយពេលវេលាក្នុងការលេងបាល់ទាត់ ក៏ដូចជាបានបើកនូវក្រុមហ៊ុនផលិតសម្ភារៈកីឡាផ្ទាល់ខ្លួនផងដែរ។
កាលអាជីពនៅទឹកដីប្រទេសអេស្ប៉ាញ មុនផ្លាស់មកប្រទេសជប៉ុន ខ្សែបម្រើវ័យ ៣៩ឆ្នាំ បានឈ្នះពានរង្វាន់ La Liga ចំនួន ៩លើក និងពានរង្វាន់ Champions League ចំនួន ៤លើក ជាមួយ Barcelona។ ចំណែកជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ Iniesta បានឈ្នះពានរង្វាន់ FIFA World Cup 2010 និងពានរង្វាន់ UEFA Euro ឆ្នាំ ២០០៨ និង ២០១២។
ចាប់តាំងពីការចាកចេញពីប្រទេសអេស្ប៉ាញនៅក្នុងឆ្នាំ ២០១៨ ហើយទៅចូលរួមក្លិប Vissel Kobe រូបគេក៏បានជួយក្រុមគ្រងជើងឯកលីគកំពូលជប៉ុននៅឆ្នាំដំបូង និងបានឈ្នះពាន Emperor’s Cup ក៏ដូចជាជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League ដែលជាការបង្ហាញខ្លួនលើកដំបូងនៅលើឆាកតំបន់៕
Tag:
Andre Iniesta
Emirates Club
© រក្សាសិទ្ធិដោយ thmeythmey.com