ជាតិ
មន្ទីរសុខាភិបាលព្រះវិហារ ហាមពលរដ្ឋបរិភោគសត្វល្អិត ក្រោយមនុស្សពីរនាក់ស្លាប់
11, Aug 2023 , 3:19 pm        
រូបភាព
 រូបពីហ្វេសប៊ុក បុរាណាចារ្យ
រូបពីហ្វេសប៊ុក បុរាណាចារ្យ
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានហាមប្រាមពលរដ្ឋមិនឱ្យបរិភោគសត្វល្អិត ដែលមិនស្គាល់ ព្រោះវាអាចបណ្ដាលឱ្យបាត់បង់ជីវិត។ ​ការក្រើន​រំ​ឭកនេះ ធ្វើឡើងបន្ទាប់ពី ប្ដីប្រពន្ធមួយគូ បានស្លាប់ដោយសារការបរិភោគសត្វកំភេមខ្មោច នាពេលថ្មីៗនេះ។


យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែសីហា ការបរិភោគសត្វល្អិត ឬរុក្ខជាតិមួយចំនួន ដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ភ្លក់ពីមុនមក អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយក៏អាចឈានដល់ការបាត់បង់អាយុជីវិតផងដែរ។ 
 
ជាក់ស្ដែង កាលពីថ្ងៃទី៥ និង៦ ខែសីហា មានប្ដីប្រពន្ធមួយគូ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត ដោយសារពួកគេបរិភោគសត្វកំភេមខ្មោចចំនួន៥ក្បាល។ មុនស្លាប់ ពួកគេមានអាការ រមាស់ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់។ ករណីនេះ ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបានឡើយ។ 
 
កន្លងមក មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសង្កេតឃើញថា ពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយសារការបរិភោគរុក្ខជាតិដូចជា ផ្សិត ឬសត្វល្អិត ដែលនាំឱ្យពុល។ ក្នុងនោះ អ្នកខ្លះអាចជួយសង្គ្រោះបាន និង អ្នកខ្លះទៀតមិនអាចជួយសង្គ្រោះបានឡើយ។ ជុំវិញបញ្ហានេះ មន្ទីរអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការបិរភោគរុក្ខជាតិ និងសត្វដែលមិនស្គាល់នេះតទៅទៀត ដើម្បីបញ្ចៀសហានិភ័យសុខភាព និងអាយុជីវិត៕ 
 

Tag:
 មន្ទីរសុខាភិបាលខេត្តព្រះវិហារ
  សត្វកំភេមខ្មោច
© រក្សាសិទ្ធិដោយ thmeythmey.com