ជាតិ
អាជ្ញាធរក្រុងព្រះសីហនុ តម្រូវឱ្យម្ចាស់តូប និងខ្យូស ដែលសង់នៅមាត់ឆ្នេរព្រែកត្រែងរើចេញ
14, Aug 2023 , 8:19 pm        
រូបភាព
 រូបភាព៖ រដ្ឋបាលក្រុងព្រះសីហនុ
រូបភាព៖ រដ្ឋបាលក្រុងព្រះសីហនុ
ភ្នំពេញ៖ រដ្ឋបាលក្រុងព្រះសីហនុ តម្រូវឱ្យម្ចាស់តូប និងខ្យូសចល័ត ដែលសង់មិនរៀបរយនៅមាត់ឆ្នេរព្រែកត្រែងរើចេញបន្ទាន់ ដើម្បីរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុង នៅថ្ងៃទី១៤ ខែសីហា។


បើតាមរដ្ឋបាលក្រុងព្រះសីហនុ កន្លងទៅមានពលរដ្ឋមួយចំនួនបានសង់រោង តូប និងខ្យូសចល័តមិនរៀបរយនៅលើដីឆ្នេរព្រែកត្រែង ស្ថិតក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការសង់សំណង់ទាំងនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់, សោភ័ណភាព និងអនាម័យឆ្នេរ។ 
 
ស្របពេល ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តខេត្តព្រះសីហនុ មានការកើនឡើង រដ្ឋបាលក្រុង ទទូចឱ្យពលរដ្ឋបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែង ចាប់ពីថ្ងៃទី១៤ ខែសីហា តទៅទៀត។ ដោយឡែក ម្ចាស់សំណង់ដែលសង់រួចហើយ ត្រូវរុះរើចេញបន្ទាន់ ត្រឹមថ្ងៃទី៣១ ខែសីហា។ 
 
ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងប្រែក្លាយឆ្នេរព្រែកត្រែង ទៅជាឆ្នេរសាធារណៈ សម្រាប់សាធារណជនមកកម្សាន្ត ដោយពុំចាំបាច់បង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យ បរិស្ថានល្អប្រសើរ។ 
 
ក្នុងករណី ពលរដ្ឋ ឬម្ចាស់តូប មិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការ រុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ។ នេះជាការបញ្ជាក់របស់រដ្ឋបាលក្រុងព្រះសីហនុ៕  
 

Tag:
 រដ្ឋបាលក្រុងព្រះសីហនុ
  ព្រែកត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com