ជាតិ
ស្រូវជិត៥ពាន់ហិកតានៅខេត្តកំពង់ស្ពឺ ជួបគ្រោះរាំងស្ងួត
15, Aug 2023 , 5:39 pm        
រូបភាព
ស្រូវពលរដ្ឋ ដែលខ្វះទឹកស្រោចស្រព នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ លោក  វ៉ី សំណាង អភិបាលខេត្ត
ស្រូវពលរដ្ឋ ដែលខ្វះទឹកស្រោចស្រព នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ លោក វ៉ី សំណាង អភិបាលខេត្ត
ភ្នំពេញ៖ ស្រូវប្រមាណ៥ពាន់ហិកតា នៅស្រុកចំនួនពីរនៃខេត្តកំពង់ស្ពឺ កំពុងជួបគ្រោះរាំងស្ងួត ខណៈ ស្រូវមួយចំនួនចាប់ផ្ដើមខូចបន្តបន្ទាប់គ្នា។ មន្រ្តីបញ្ជាក់ថា ស្រូវទាំងនេះ គ្មានទឹកស្រោចស្រពជាង២០ថ្ងៃហើយ។


លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែសីហាថា គ្រោះរាំងស្ងួតកំពុងវាយប្រហារស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ដែលនាំឱ្យប៉ះពាល់ដល់ដំណាំស្រូវវស្សាពលរដ្ឋប្រមាណ៥ពាន់ហិកតា នៅស្រុកគងពិសី និងសំរោងទង។ 
 
ជុំវិញបញ្ហានេះ លោក ណែនាំឱ្យ មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរស្រុក ឃុំ ភូមិ ត្រៀមមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះស្រូវពលរដ្ឋ។ ដោយឡែក ពលរដ្ឋ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរដែនដីដែលនៅជិតបំផុត ដើម្បីទទួលបានការជួយសង្គ្រោះស្រូវបានទាន់ពេលវេលា។
  


លោក សរសេរដូច្នេះថា៖« កាលពីខែកក្កដា ជំនន់ទឹកភ្លៀងបានវាយប្រហារស្រុកភ្នំស្រួច,បរសេដ្ឋ,ឱរ៉ាល់។ ឥឡូវគ្រោះរាំងស្ងួតបានវាយប្រហារស្រុក គងពិសី និង សំរោងទង ដែលបង្កឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវវស្សាជិត៥ពាន់ហិកតា ដែលទាមទារឲ្យមានការជួយសង្គ្រោះបន្ទាន់»។ 
 
លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន​ថ្មីៗ នាថ្ងៃទី១៥ សីហាថា  ស្រូវទាំង៥ពាន់ហិកតានេះ គ្មានទឹកស្រោចស្រពជាង២០ថ្ងៃហើយ។ មកទល់ពេលនេះ មានស្រូវមួយចំនួនចាប់ផ្ដើមខូចខាតបណ្ដើរៗហើយ។   
 
ករណីនេះ លោក បានចាត់មន្រ្តីជំនាញចុះវាយតម្លៃផលប៉ះពាល់ និងសិក្សារកប្រភពទឹក  ដើម្បីអន្តរាគមន៍ជួយសង្គ្រោះដំណាំរបស់កសិករ។ ប្រធានមន្ទីរកសិកម្មរូបនេះ ព្រួយបារម្ភពីលទ្ធភាពជួយសង្រ្គោះស្រូវក្នុងរយៈពេលវែង ប្រសិនបើ គ្មានភ្លៀងធ្លាក់។ 
  


លោក ឈាង តុលា ប្រាប់ដូច្នេះថា៖«និយាយទៅ ស្រូវនេះអត់ទឹកជាង២០ថ្ងៃហើយ។ ឥឡូវ វាខូចខាតខ្លះ ហើយពួកយើងកំពុងចុះវាយតម្លៃពីទីតាំងដែលរាំងស្ងួត។ យើងពិបាកជួយសង្រ្គោះដែរ បើសិនគ្មានធ្លាក់ទាល់តែសោះនោះ»។ 
នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានផែនការដាំដំណាំស្រូវវស្សាមានចំនួន ១១៧.៦៥៧ហិកតា។ ដោយឡែក ដំណាំរួមផ្សំធ្វើបាន៦៧៥ហិកតា។ 
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា គ្រោះរាំងស្ងួត អាចអូសបន្លាយដល់ចុងឆ្នាំ២០២៣ ដែលបង្ករដោយបាតុភូតអែលនីណូ (El Nino)។ បាតុភូតធម្មជាតិមួយនេះ អាចបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងនូវរលកកម្ដៅ ជាដើម។  
 
ចំពោះមុខ ក្រសួងធនធានទឹក កំពុងប្រមែប្រមូលទឹកស្តុកទុកក្នុងអាង ដើម្បីត្រៀមបញ្ចេញសម្រាប់ប្រើប្រាស់ និងជួយស្រោចស្រពដំណាំពលរដ្ឋ ទប់ទល់នឹងការកើនឡើងកម្ដៅពីបាតុភូត«អែលនីណូ»៕  
 

Tag:
 កសិកម្ម
  ស្រូវ
  គ្រោះរាំងស្ងួត
  វ៉ី សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com