ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ហាមមិនឱ្យនេសាទ និងចតនាវា នៅគន្លងខ្សែបណ្ដាញអគ្គិសនីបាតសមុទ្រ
17, Aug 2023 , 1:59 pm        
រូបភាព
ការដាក់កាបអគ្គិសនីកប់បាតសមុទ្រទៅកោះស្តេច ខេត្តកោះកុងនាពេលកន្លងមក។ រូបពី EDC
ការដាក់កាបអគ្គិសនីកប់បាតសមុទ្រទៅកោះស្តេច ខេត្តកោះកុងនាពេលកន្លងមក។ រូបពី EDC
ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ ហាមមិនឱ្យ ទូក កាណូត កប៉ាល់ សាឡង់ នេសាទ និងបោះយុថ្កា ឬចតនាវា លើទីតាំងគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ នៅតំបន់កោះក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពី ការហាមនេសាទ និងចតនាវា លើទីតាំង តាមគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ចេញថ្ងៃទី១៦សីហា។
 
អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្ដាញអគ្គិសនីតង់ស្យុងកប់ក្រោមបាតសមុទ្រ ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល ក្នុងតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុនិងខេត្តកោះកុង រួមមាន កោះទទឹង កោះស្ដេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង។ 
 
ដូច្នេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវបែបនេះ៖ «ម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួនខាងលើក្នុងខេត្តព្រះសីហនុ និងកោះកុង ហាមបោះយុថ្កាទៅតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមបាតសមុទ្រ»។ 
 
កាលពីថ្ងៃទី២១ មិថុនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសម្ភោធដាក់ឱ្យប្រើប្រាស់ គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងកប់ក្រោមបាតសមុទ្រ និងអាកាស៕ 
 

Tag:
 អគ្គិសនីបាតសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com