ជាតិ
ដំណឹងល្អ! កូនផ្សោតមួយក្បាលទៀត កើតនៅអន្លង់កាំពី ខេត្តក្រចេះ
23, Aug 2023 , 7:14 pm        
រូបភាព
 ផ្សោតកើតថ្មីមួយក្បាល ដែលអ្នកភិរក្សរកឃើញ ហែលទឹកលេងជាមួយហ្វូងផ្សោតធំ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ រូបភាព៖ Lor Kimsan (WWF)
ផ្សោតកើតថ្មីមួយក្បាល ដែលអ្នកភិរក្សរកឃើញ ហែលទឹកលេងជាមួយហ្វូងផ្សោតធំ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ រូបភាព៖ Lor Kimsan (WWF)
ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ។ ៨ខែ ឆ្នាំ២០២៣នេះ មានកូនផ្សោតកើតថ្មី៦ក្បាល តែគួរឱ្យសោកស្តាយ មានផ្សោត៣ក្បាល ត្រូវបានកត់ត្រាថាបានបាត់បង់ជីវិតទៅវិញក្នុងរយៈពេលពេលដូចគ្នា នេះ។


​តាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែសីហា កូន​ផ្សោតកើតថ្មីមួយក្បាលនេះ ត្រូវបានប្រទះឃើញដោយអ្នកបើកទូកទេសចរណ៍ កាលពីថ្ងៃ​ទី២១ ខែសីហា ត្រង់ចំណុចភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ កូនផ្សោត​នេះ មានអាយុកាលប្រហែល២សប្តាហ៍។ 
 
ក្រោយទទួលដំណឹងពីអ្នកបើកទូកទេសចរណ៍ មន្ត្រីប៉ូលិសទេសចរណ៍ប្រចាំអន្លង់ផ្សោត​កាំពី និងក្រុមការងារអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងជាមួយហ្វូងផ្សោតធំ​ប្រហែល៧ក្បាល។
  


យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ក្រុមអ្នកភិរក្ស រកឃើញកូនផ្សោតកើតថ្មី៦ក្បាល និងងាប់ទៅវិញ៣ក្បាល។ ដោយឡែក ឆ្នាំ២០២១ និង​២០២២ មានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល។ 
 
ត្រឹមឆ្នាំ២០២២ កម្ពុជានៅសល់សត្វផ្សោតប្រហែល៩០ក្បាល រស់នៅក្នុងទន្លេមេគង្គ ក្នុង​ភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ មានប្រវែង១៨០គីឡូម៉ែត្រ។ 
 
ផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរង​ការ​គំរាមកំហែង និងគ្រោះថ្នាក់ជិតផុតពូជបំផុត នៅលើពិភពលោក៕ 
 
 

Tag:
 ផ្សោត
  អន្លង់កាំពី
  ក្រសួងកសិកម្ម
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com