សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ ទេសចរបរទេសដែលមកកម្សន្តខេត្តសៀមរាប មានចំនួនជិត៤០ម៉ឺននាក់។ ទោះចំនួននេះកើនឡើងបើធៀបនឹងឆ្នាំ ២០២២ តែបើធៀបនឹងដំណាក់កាលដូចគ្នាទៅនឹងប្រទេសជិតខាង វាជាចំនួនតិចតួចបំផុត។ ប្រតិបត្តិករទេសចរ ខេត្តសៀមរាបមួយភាគធំមិនទាន់ហ៊ានបើកអាជីវកម្មពួកគេឡើងវិញឡើយ ដោយនៅរង់ចាំមើល ស្ថានការណ៍បន្ត។ ពួកគេនៅតែចោទជាសំណួរ ថាតើហេតុអ្វីទេសចរមិនមកលេង សៀមរាបច្រើនដូចប្រទេសជិតខាង?
ដ្បិតថា កូវីដ១៩បានបិទបញ្ចប់ស្ទើរទាំងស្រុង ហើយពិភពលោកបានបើកប្រទេសឡើងវិញហើយក្ដី ក៏ប៉ុន្តែចរាចររបស់ភ្ញៀវទេសចរមិនទាន់ប្រក្រតី ឬល្អប្រសើរវិញឡើយ។ ងាកមកមើលខេត្តសៀមរាប ដែលសេដ្ឋកិច្ចពឹងស្ទើរទាំងស្រុងលើវិស័យទេសចរណ៍ ហាក់នៅត្រដាបត្រដួស មិនទាន់ឈរហ្នឹងនៅឡើយទេ ក្រោយពេលជំងឺកូវីដ-១៩វាយឱ្យដួលនៅដើមឆ្នាំ២០២០។ ពីរឆ្នាំបន្ទាប់ សេដ្ឋកិច្ចចាប់ផ្តើមងើបបន្តិច នៅពេលរាជរដ្ឋាភិបាលជំរុញឱ្យមានទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍តូចធំក្នុងខេត្តនេះ។ តែវានៅមិនអាចដូចដើមឡើយ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដល់បច្ចុប្បន្ននេះវិស័យសណ្ឋាគារប្រមាណ ជាង៦០ភាគរយប៉ុណ្ណោះបានបើកអាជីវកម្មឡើងវិញ ក្នុងនោះសណ្ឋាគារ និងភោជនីយដ្ឋានធំៗបន្តបិទទ្វារនៅឡើយ។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា សេវាកម្មស្នាក់នៅសណ្ឋាគារក្នុងខេត្តនេះមាន ២៨៣កន្លែង ស្មើនឹង ១៦,៧៦៥បន្ទប់ មានបុគ្គលិកបម្រើការ១៤,១៨១នាក់។ អាជីវកម្មដែលបានផ្អាកមាន ៧៩កន្លែងស្មើនឹងជាង៦ពាន់បន្ទប់ និងបុគ្គលិកជាង៦ពាន់នាក់។ ចំណែកអាជីវកម្មដែលបានបិទមានចំនួន ៦៥កន្លែង ស្មើនឹងជាង២ពាន់បន្ទប់។ ចំពោះអាជីវកម្មកំពុងដំណើរការមានចំនួន ១៣៩កន្លែង ស្មើនឹងជិត៨ពាន់បន្ទប់។ តួលេខនេះមិននិយាយពីអាជីវកម្មពាក់ព័ន្ធដទៃទៀត មានផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងម៉ាស្សា។ល។
ចំពោះជើងហោះហើរមកកាន់សៀមរាបវិញ សព្វថ្ងៃមានចន្លោះពី១៥ទៅ១៧ជើងក្នុងមួយថ្ងៃ ក្នុងនោះមានពីថៃ វៀតណាម សិង្ហបុរី ឡាវ ម៉ាឡេស៊ី និងពីចិន។ ចំណែកជើងហោះហើរក្នុងស្រុក ភ្នំពេញ-សៀមរាប មាន២ទៅ៣ជើងក្នុងមួយថ្ងៃ និងព្រះសីហនុ-សៀមរាប មាន៥ជើងក្នុងមួយសប្ដាហ៍។ ចំនួននេះលោក ង៉ូវ សេងកាក់ យល់ថាវាមិនគ្រប់គ្រាន់សម្រាប់បំពេញរាល់អាជីវកម្មក្នុងខេត្តសៀមរាបនោះទេ គឺចន្លោះពី៣០ទៅ៤០ជើងដូចពេលមុនទើបអាចចែកគ្នាទៅអ្នកផ្គត់ផ្គង់បាន។ លោក សេងកាក់ ពន្យល់ថា៖« ឥឡូវភ្ញៀវមានកញ្ចប់តូច ចែកមិនគ្រប់ អ្នកណាធ្វើទីផ្សារល្អបានច្រើនទៅ»។
ប្រធានមន្ទីរទេសចរណ៍រូបនេះយល់ថា ចំណុចដែលត្រូវដោះស្រាយពេលនេះគឺជំរុញការហោះហើរ មកកាន់ខេត្តសៀមរាបយ៉ាងណាស់ក៏៣០ជើងក្នុងមួយថ្ងៃដែរ ទើបអាជីវកម្មនៅទីនេះរស់បាន។ លោកបន្ថែមថា៖« បើអត់ជំរុញការហោះហើរទេ យើងមិនសង្ឃឹមថាបានភ្ញៀវច្រើនទេ»។
ការផ្គត់ផ្គង់លើសតម្រូវការ ដែលអ្នករកស៊ីចាប់សង់សណ្ឋាគារតាមគ្នាច្រើននៅកំឡុងឆ្នាំ២០១៦ និង២០១៧ ក៏ជាបញ្ហាជះឥទ្ធិពលមកដល់វិស័យទេសចរណ៍សព្វថ្ងៃផងដែរ។ មួយទៀតអ្នករកស៊ីភាគច្រើន ផ្តោតតែលើវិស័យទេសចរណ៍តែមួយដូចជាសណ្ឋាគារ ភោជនីយដ្ឋាន សេវាជួលរថយន្តជាដើម ដូច្នេះពេលមានវិបត្តិចូលមកដូចជាជំងឺកូវីដ-១៩ ជាឧទាហរណ៍ ពួកគេត្រូវដួលទាំងព្រម។ លោក ង៉ូវ សេងកាក់ ពន្យល់ថា៖« ត្រង់នេះយើងត្រូវជួយគ្នា តែកន្លងមកយើង (រដ្ឋ) បានជួយដែរ តែមិនទាន់ពេញទេ មិនទាន់ដល់ចំណុចដែលវិស័យទេសចរណ៍ចង់បាន»។
នៅថ្ងៃទី១៩ សីហា កន្លងទៅ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានរៀបចំជំនួបរវាងប្រតិបត្តិករទេសចរណ៍ និងរដ្ឋបាលខេត្ត។ ជំនួបនោះផ្តោតសំខាន់ពីមូលហេតុដែល ខេត្តសៀមរាបមិនទទួលបានទេសចរត្រឡប់មកវិញច្រើនដូចប្រទេសដទៃ។ «ឧទាហរណ៍ដូចជាប្រទេសថៃ គេទើបតែជាប់លេខមួយជាប្រទេសដែលបានទេសចរច្រើនជាងគេលើពិភពលោក អ៊ីចឹងយើងជាប្រតិបត្តិករទេសចរណ៍ត្រូវការជួបជុំគ្នា ពិភាក្សាគ្នាថាតើយើងគួររកចំណុចអ្វី ដែលខ្វះខាត តើយើងគួរមានចំណុចសូចនាករខ្លះៗដើម្បីលើកដាក់ជូនឬស្នើទៅរដ្ឋាភិបាលរកដំណោះស្រាយចូលរួមបង្កើតដំណោះស្រាយជាមួយគ្នាដើម្បីធ្វើឱ្យមានការទាក់ទាញទេសចរមកខេត្ត សៀមរាប ព្រោះឥឡូវនេះតាំងពីយើងបើកប្រទេសឡើងវិញ ទេសចរនៅមានកម្រិតទាបនៅឡើយ»។ នេះជាការលើកឡើងរបស់លោក ហ្វីលីព សែត កៅ ប្រធានក្លឹប STC។
STC បានរៀបចំជំនួបប្រតិបត្តិករទេសចរណ៍ជាលើកដំបូងនៅខែសីហា បន្ទាប់ពីខកខានខ្ទង់២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ លោក ហ្វីលីព សែត កៅ ពន្យល់ថា ការងារនេះធ្វើឡើងក្រោយឃើញថា ព្រលានយន្តហោះសៀមរាប-អង្គរ គម្រោងបើកដំណើរការនៅពាក់កណ្ដាលខែ តុលា ខាងមុខនេះ ក៏ដូចជាឱ្យប្រតិបត្តិករគិតគូរពិចារណាថាតើគួរចាប់ផ្តើមអាជីវកម្មឡើងវិញកម្រិតណា។ ប្រតិបត្តិករទេសចរណ៍ភាគច្រើនរំពឹងថា ទេសចរអាចមកវិញច្រើនក្រោយព្រលានថ្មីដំណើរការ។
យ៉ាងណាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក សេងកាក់ បញ្ជាក់ថា ព័ត៌មានដែលលោក ទទួលបានគិតត្រឹមបច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ថ្មីតិចតួចប៉ុណ្ណោះដែលបានចុះកុងត្រជាមួយ ភាគីព្រលានថ្មី ក្នុងនោះមានពីចិន ២ទៅ៤ក្រុមហ៊ុន។ យ៉ាងណាក៏ដោយប្រធានមន្ទីររូបនេះនៅមាន សុទិដ្ឋិនិយមថា ក្រោយដំណើរការ ព្រលានថ្មីនឹងមានជើងហោះហើរច្រើន ក្នុងនោះទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ធំដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងដូចមុន។ លោក សេងកាក់ បន្ថែម៖« ជាទស្សនៈខ្ញុំ បើខែ១០យើងមាន៣០ទៅ៣៥ជើងហោះហើរ ហើយរក្សាចំនួននេះដល់ខែ២ យើងសង្ឃឹម តែបើខែ៣ធ្លាក់មក១៨ (ជើងហោះហើរ) វិញ អាហ្នឹងយើងក៏ពិបាក»។
អភិបាលរងខេត្តសៀមរាប លោក យន់ លីនណេ បានលើកឡើងថា ករណីនេះរាជរដ្ឋាភិបាលបានប្រឹងប្រែងជំរុញឱ្យមានជើងហោះហើរកាន់តែច្រើន។ លោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន នៅក្នុងខែតុលាខាងមុខ ចំនួនទេសចរមកកាន់ខេត្តសៀមរាបនឹងមានចំនួនច្រើន ក្នុងនោះតាមសណ្ឋាគារធំៗ និងភោជនីយដ្ឋានជាដើមនោះ ត្រូវបានកក់ពេញផងដែរ។ យ៉ាងណាលោកអភិបាលរង បច្ចុប្បន្នរដ្ឋបាលខេត្តបានគិតគូរពីបញ្ហានេះជាខ្លាំង និងរំពឹងថាស្ថានការណ៍នឹងល្អប្រសើរវិញឆាប់ៗ៕