ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានអង្គររកចំណូលបានជាង២៣លានដុល្លារ ពីការលក់សំបុត្រឱ្យទេសចរ
05, Sep 2023 , 6:59 pm        
រូបភាព
ទេសចរបរទសមួយក្រុមមកទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៩សីហា ឆ្នាំ២០២៣​។ រូបថត៖ ឈន សុផាត​
ទេសចរបរទសមួយក្រុមមកទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៩សីហា ឆ្នាំ២០២៣​។ រូបថត៖ ឈន សុផាត​
​ចំនួន​អ្នកទេសចរបរទេសដែល​ចូលមកកម្សាន្តនៅ​កម្ពុជាបាន​កើន​ជា​លំដាប់ ក្រោយ​​វិបត្តិ​ ​ជំងឺ​កូ​វីដ​-១៩។ ជាក់ស្តែង​រយៈពេល៨ខែមកនេះ មាន​ភ្ញៀវ​ជិត៥០ម៉ឺន​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ដោយទទួលបាន​ថវិកា​ប្រមាណ២៣លាន​ដុ​​ល្លារ​។ នេះ​បើតាមសេចក្តីប្រកាសរបស់​គ្រឹះស្ថាន​អង្គរ​។​
 
​គ្រឹះ​ស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា​ ដល់​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៤៩៨ ៥១៣ ​នាក់។ ចំនួននេះ កើន ដល់ ៣៥០,៨៦​ ភាគរយ​ ធៀប​នឹងគ្រាដូចគ្នាកាល​​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​ដែល បាន​ពី​ការលក់​សំបុត្រឱ្យភ្ញៀវទេសចរបរទេស​វិញ គឺបាន ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរយ​។​
 
​សូមជម្រាបថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជាបីប្រភេទ។ ក្នុង​នោះ​សំបុត្រ​ចូល​ទស្សនា សម្រាប់១ថ្ងៃ​មានតម្លៃ៣៧​ដុល្លារ​,  រយៈពេល៣ថ្ងៃមាន​តម្លៃ ៦២​​ដុល្លារ និងសំបុត្រសម្រាប់រយៈពេល៧ថ្ងៃ គឺមានតម្លៃ៧២​ដុល្លារ​។ 
 
ក្រៅពី​​លក់​សំបុត្រ​​ចូល​រម​ណី​យ​ដ្ឋា​ន​អង្គរនេះ គ្រឹះស្ថាន​អង្គរ ក៏​រកបានចំណូល ជិត៥០ម៉ឺន ដុល្លារដែរ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​​ប្រា​សាទ​កោះកេរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ 
 
កាល​ឆ្នាំ ​២០២២ គ្រឹះស្ថាន​អង្គរ​ទទួលលបានចំណូលពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន​ត្រឹម ១១, ៧៨​ លាន​ដុល្លារប៉ុណ្ណោះ។  ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​មាន​ជាង១១លាន​ដុល្លារ​, ចំណូល​ពី​ប្រាសាទ​កោះកែរបាន៩ម៉ឺនដុល្លារ និង​ចំណូល​ពី​កំពង់ផែ​ចុង​ឃ្នៀ​សបានប្រមាណ១៦ម៉ឺន​ដុល្លារ​។ នេះ​បើ​តាម​គ្រឹះ​ស្ថាន​អង្គរ​៕
 
 

Tag:
 ចំណូល
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com