អន្តរជាតិ
តើមានរឿងអ្វីកើតឡើងខ្លះនៅជុំវិញកិច្ចប្រជុំអាស៊ាន?
05, Sep 2023 , 8:59 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅថ្ងៃទី៥ ខែកញ្ញា នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ យ៉ាងណាមិញ មេដឹកនាំថៃ និងមីយ៉ាន់ម៉ា ត្រូវអវត្តមាន ដោយសារតែស្ថិតក្នុងពេលអន្តរកាលនៃការផ្លាស់ប្តូរ ហើយមីយ៉ាន់ម៉ា មិនបញ្ជូនតំណាងមិនមែននយោបាយមក។ ក្នុងកិច្ចប្រជុំនេះ វាមានរឿងរ៉ាវជាច្រើនបានកើតឡើង។
 
១. តើកិច្ចប្រជុំមេដឹកនាំកំពូលនេះ មេដឹកនាំអាស៊ានលើកយកពីបញ្ហាអ្វីមកជជែក?
 
ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកនេះ ប្រធានបទជាច្រើននឹងត្រូវលើកយកទៅពិភាក្សា ក្នុងនោះមាន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា, សន្តិសុខស្បៀង, បម្រែបម្រួលអាកាសធាតុ បញ្ហាសមុទ្រចិនខាងត្បូង និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម។
 
បញ្ហាមីយ៉ាន់ម៉ា មិនអាចមានចំណាត់ការសំខាន់ៗអ្វីឡើយ។ មេដឹកនាំអាស៊ាន ដូចជាហ្វីលីពីន អាចជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធសមុទ្រចិនខាងត្បូង ក្រោយចិនបញ្ចេញផែនទីថ្មី។ 
 


២.​ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមានកុំយកអាស៊ានធ្វើជាវេទិកានៃការប្រកួតប្រជែងគ្នា។ ហេតុអ្វីបានជាលោកឡើងបែបនេះ? 
 
ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន លោក ចូកូ វីដូដូ នៅថ្ងៃទី៥ ខែកញ្ញា បានអំពាវនាវកុំឱ្យយកអាស៊ានធ្វើជាវេទិកានៃការប្រកួតប្រជែងគ្នា ដែលនាំឱ្យមានការបំផ្លាញគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ មេដឹកនាំរូបនេះ បានជំរុញឱ្យយកអាស៊ានធ្វើជាវេទិកានៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាព ស្ថិរភាព និងសន្តិភាព។
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី បានបញ្ជាក់ផងដែរថា​ រដ្ឋអាស៊ាន បានឯកភាពក្នុងការបដិសេធ មិនធ្វើជាកូនអុករបស់បណ្តាប្រទេសមហាអំណាចណាមួយឡើយ។
 
ការលើកឡើងរបស់ប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត អាចប៉ះសម្តីគ្នាជាមួយចិនទាក់ទិននឹងការបញ្ចេញផែនទីថ្មីលើសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងការបញ្ចេញទឹក ដែលបន្សុទ្ធរួចពីរោកចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុនផង។  
 


៣. កន្លងមក ប្រភពនៅក្នុងអង្គការអាស៊ាន បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេច បោះបង់ចោលប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៦ ដោយសារប្រទេសមានវិបត្តិនយោបាយ។ តើមកទល់ពេលនេះ វាមានចំណាត់ការបែបណា?
 
ជាគោលការណ៍ សមាជិកអាស៊ានត្រូវផ្លាស់ប្តូរគ្នាធ្វើជាប្រធានផ្លាស់វេនមួយឆ្នាំម្តង។ ឆ្នាំ២០២៣ ឥណ្ឌូណេស៊ីជាប្រធាន ឯប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៤ ខាងមុខ គឺឡាវ, ២០២៥ គឺម៉ាឡេស៊ី និង២០២៦ គឺមីយ៉ាន់ម៉ា ហើយហ្វីលីពីននៅឆ្នាំបន្ទាប់។
 
ទាក់ទិននឹងបញ្ហាខាងលើ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសទទួលសំណើធ្វើជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៦។ 


 
«វាជាភាពរីករាយក្នុងការប្រកាសថា ហ្វីលីពីនត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកឱកាស និងជាប្រធានផ្លាស់វេនអាស៊ាន ក្នុងឆ្នាំ២០២៦»។ លោក Marcos Jr. បានបញ្ជាក់បែបនេះ នៅក្នុងសុន្ទរកថា ពេលអំឡុងបើកកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី៥ ខែកញ្ញា។ 
 
ជាការពិត មីយ៉ាន់ម៉ា មិនមែនទើបតែបោះបង់តួនាទីជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ទេ។ នៅក្នុងឆ្នាំ ២០០៦ ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ក៏ត្រូវធ្វើជាប្រធានផ្លាស់វេនដែរ ប៉ុន្តែបានដកខ្លួនចេញ ដោយសារតែមានបញ្ហាក្នុងស្រុក។ កាលនោះ លោកស្រីអ៊ុនសាន ស៊ូជី ក៏ស្ថិតនៅក្រោមការឃុំខ្លួនដែរ ហើយប្រទេសលោកខាងលិច បានទាមទារឱ្យដោះលែង។ ការបោះបង់ប្រធានអាស៊ានក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងបង្ការការធ្វើពហិការរបស់មេដឹកនាំប្រទេសលោកខាងលិច មកប្រទេសខ្លួន។ 
 
 
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្រុងហ្សាការតា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែមិនបន្តបញ្ជូនអ្នកតំណាងមិនមែននយោបាយមកចូលរួម ខណៈស្ថានការណ៍ប្រទេសមួយនេះ នៅតែមិនវិវឌ្ឍទៅមុខ។ 
 


៤.​​ តើហេតុអ្វីបានជាលោកបៃឌិនអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយបញ្ជូនអនុប្រធានាធិបតីមកជំនួស?
 
តាមការយល់ឃើញរបស់អ្នកជំនាញ គេថាមូលហេតុលោកបៃឌិន មិនមកកិច្ចប្រជុំនោះ គឺដោយសាតែលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ីនោះ យល់ថា គាត់ផ្តោតលើអាម៉េរិកតិចពេក ប៉ុន្តែបែរជាលំអៀងទៅរកចិន។ ជាក់ស្តែង បើយើងមើលពីដំណើរទស្សនកិច្ចរបស់លោក ចូកូទៅអាម៉េរិក មានត្រឹមតែ៣ ដងប៉ុណ្ណោះ ខណៈចិនមានរហូតដល់ទៅ៦ដង បើគិតចាប់តាំងពីលោកចូកូ កាន់តំណែងជាប្រធានាធិបតីមក។
 


យ៉ាងណាមិញ លោកបៃឌិន ក៏អាចមានហេតុផលផ្ទាល់ខ្លួនដែរ។ ការអវត្តមានរបស់លោកបៃឌិន ដោយសារលោកមានវ័យចាស់ហើយ។ នៅក្នុងឆ្នាំនេះ លោកមានវ័យ ៨០ឆ្នាំ។ បើយើងមើលតាមកាលវិភាគនៃកិច្ចប្រជុំ កិច្ចប្រជុំកំពូលអាស៊ានផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកក្កដា។ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន គឺកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ដែលរៀបចំពីថ្ងៃទី៩ ថ្ងៃទី១០។ 
 
ចំណែកលោកបៃឌិន ត្រូវបំពេញទស្សនកិច្ចនៅឥណ្ឌានោះ ពីថ្ងៃទី៧ ខែកញ្ញា មុននឹងបំពេញទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី១០ ខែកញ្ញាទៀត។ ហើយចប់ពីនោះ លោកបៃឌិនត្រូវហោះទៅអាម៉េរិកវិញ ដើម្បីបារព្ធខួបនៃការវាយប្រហារអគារពាណិជ្ជកម្មពិភពលោកថែមទៀត។ ហេតុនេះហើយ លោកបៃឌិន ត្រូវអវត្តមានខ្លះពីកិច្ចប្រជុំមួយចំនួន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com