ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុន១០ទៀត បង្កើតរោងចក្រនៅកម្ពុជា​ ដោយបង្កើតការងារបានជាង ១ម៉ឺនកន្លែង
06, Sep 2023 , 9:09 am        
រូបភាព
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យក្រុមហ៊ុនចំនួន១០ទៀតបង្កើតរោងចក្រនានា នៅខេត្ត និងរាជធានីភ្នំពេញ ជាមួយនឹងទុនវិនិយោគសរុប៥៤,៧លានដុល្លារ។ បើតាម CDC រោងចក្ររបស់ក្រុមហ៊ុនទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានរហូតដល់ជាង ១ម៉ឺនកន្លែង។


ក្រុមហ៊ុនដែលត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រនោះមាន ក្រុមហ៊ុន LAMUES TECHNOLOGY សម្រេចបោះទុន៨,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារបរិក្ខាអគ្គិសនី នៅខេត្តកំពង់ស្ពឺ។ ការវិនិយោគរបស់ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួន ៦៧៦កន្លែង ខណៈក្រុមហ៊ុន​ WOQILI POWER TECHNOLOGY (CAMBODIA) ក៏អាចបង្កើតការងារដល់ពលរដ្ឋបាន១៤៦កន្លែង​​ នៅកំពង់ស្ពឺ ផងដែរ។  ក្រុមហ៊ុននេះ មានទុន៦​​,៦លានដុល្លារ​ វិនិយោគលើរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ។ 
 
សម្រាប់ក្រុមហ៊ុន SUNNY JET HOSIERY (CAMBODIA) នឹងបង្កើតរោងចក្រចាក់ ប៉ាក់ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់ក។ រីឯក្រុមហ៊ុន ​ VENT DEST PHNOM PENH CLOTHING គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ រោងចក្រ​របស់ក្រុមហ៊ុនទាំងពីរ នៅខេត្តតាកែវនេះ អាចបង្កើតការងារបានដល់ប្រមាណ​៣៥០០កន្លែង ក្រោមទុនវិនិយោគចំនួន១២,៤លានដុល្លារ។ 
 
រោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារសម្រាប់ពិធីបុណ្យផ្សេងៗរបស់ក្រុមហ៊ុន CHERISH INDUSTRIAL (CAMBODIA) នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមទុន៦,១លានដុល្លារអាចបង្កើតការងារបានជាង ២០០០កន្លែង។ នេះយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០សីហា ដោយបន្តរៀបរាប់ថា រោងចក្រស្បែកជើងតម្លៃ៥,៦លានដុល្លារ របស់ក្រុមហ៊ុន YOU JUST FOOTWEAR (CAMBODIA) នៅកំពង់ស្ពឺ ក៏អាចបង្កើតការងារបាន១ ៥៣៨កន្លែងដែរ។
 
ក្រុមហ៊ុន WW TOOLS LLC គ្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុន ៥,២ លានដុល្លារ ដោយអាចបង្កើតការងារបាន ៣៤០ កន្លែង។ ក្រុមហ៊ុន CPAK GARMENT (CAMBODIA) គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ៥,១ លានដុល្លារ អាចបង្កើតការងារបាន១ ៣៩១កន្លែង។​
 
ក្រុមហ៊ុន RALLY PACKAGING គ្រោងបង្កើតរោងចក្រសម្ភារវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិក មានទីតាំងខណ្ឌសែនសុខ ក្នុងទុនវិនិយោគ៥,១លានដុល្លារ អាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ដោយឡែក ក្រុមហ៊ុន SUNRUN (CAMBODIA) GARMENTS FACTORY គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។ រោងចក្រកាត់ដេរសម្លៀកបំពាក់ក្រោមទុន ៥,១ លានដុល្លារ របស់ក្រុមហ៊ុននេះ ក៏អាចបង្កើតការងារបាន ១ ៧៦៤ កន្លែង ផងដែរ។​
 
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៣ វិស័យកាត់ដេរដែលបម្រើឱ្យការនាំចេញរបស់កម្ពុជា មានរោងចក្រសរុប ១ ០៧៧ រោងចក្រ។ នេះជាការលើកឡើងរបស់ លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយបានបញ្ជាក់ថា រោងចក្រទាំងនេះ ផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ៧៦ម៉ឺននាក់។
 
បើតាមលោក គង់ សាង ក្នុងចំណោមរោងចក្រទាំងនេះ គឺមានរោងចក្រផលិតសម្លៀកបំពាក់ចំនួន៨០២, រោងចក្រផលិតស្បែកជើងមាន​១៤០ និងរោងចក្រផលិតកាបូបមាន១៣៤៕​
 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com