ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមប្រឹក្សា​អ្នកច្បាប់ដឹកនាំដោយ​លោក វង្សី វិស្សុត មាន​សមាសភាព​៦៨រូប ទីប្រឹក្សា១៨រូប និងជំនួយការ​៥រូប
07, Sep 2023 , 6:59 pm        
រូបភាព
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមប្រឹក្សាអ្នក​ច្បាប់
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមប្រឹក្សាអ្នក​ច្បាប់
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំងសមាភាព​ក្រុម​ប្រឹក្សា​អ្នកច្បាប់​៦៨រូប ទីប្រឹក្សា​១៨​រូប និងជំនួយការ​៥រូប។ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សា បន្តពី​រដ្ឋមន្ត្រីអណត្តិចាស់ លោក ប៊ិន ឈិន។ លោក គី តិច ទេស​រដ្ឋមន្ត្រីទទួល​បន្ទុក​បេសកម្ម​ពិសេស ស្ថិតក្នុងចំណោម​អនុប្រធាន៧​រូប។ លោក ស៊ា ម៉ៅ ជាអនុប្រធាន​ដែល​កាន់តំណែងជាអគ្គ​លេខា​ធិការ ដោយមាន​ឋានៈស្មើ​រដ្ឋមន្ត្រី ដូច​លោក លី ច័ន្ទ​តុលា, លោក សុក ផេង, លោក​ ហែម ក្រាញ់​តូនី, លោក អ៊ឹង សេរីវិសុទ្ធ និង​លោក លីវ សុវណ្ណា។
 
សមាជិក​មាន​៤៧ និង​សមាជិក​បម្រុង​មាន​១៣​រូប។ សមាជិក​៦​រូបមាន​ឋានៈស្មើ​រដ្ឋមន្ត្រី ដោយ​លោក អ៊ុត ស៊ីណាត កាន់តួនាទីជាអគ្គលេខាធិការ​រង។ សមាជិក​១​៥រូប​មាន​ឋានៈស្មើ​រដ្ឋលេខាធិការ​ និងសមាជិក២៦​រូប​មានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលក្នុងនោះ លោក ប៉ិច ណាវី កាន់តួនាទីជាអគ្គ​លេខាធិការ​រង រីឯលោក ហ៊ួន វណ្ណៈ, លោក ប៉ា ងួនគា និង​លោក អ៊ឹង កិរិយា ពុំទទួល​ប្រាក់បំណាច់មុខងារ។ សមាជិក​បម្រុង​ទាំងអស់ មាន​ឋានៈស្មើអគ្គនាយក។
 
តាម​ព្រះរាជក្រឹត្យ​ដដែល ប្រមុខរដ្ឋស្តីទី តែងតាំង និង​ផ្តល់ឋានៈ​ដល់ទី​ប្រឹក្សាក្រុម​អ្នក​ច្បាប់​ចំនួន​១៨​រូប ដោយ លោក ហេង វង្សប៊ុនឆាត មាន​ឋានៈស្មើឧបនាយករដ្ឋមន្ត្រី, លោក សំ សុខផល និង​លោក ឡាំ ជា មាន​ឋានៈស្មើទេសរដ្ឋមន្ត្រី។
 
ទីប្រឹក្សា​១០រូបមាន​ឋានៈស្មើរដ្ឋមន្ត្រី រួមមាន លោក អ៊ឹម ស៊ីថុល, លោក ឆេង សារឿន, លោក ស៊ុយ ម៉ុងលាង,​លោក នាវ ស៊ីថុង, លោក ជីវ សុងហាក់, លោក ប៊ុន ហុន, លោក ទួន ស៊ីផាន់, លោក ឃាង សេង, លោក មាស បូរ៉ា និង​លោក ហាក់ សុខហេង។ លោកស្រី ហួត លីដា ជាទីប្រឹក្សា​មានឋានៈស្មើរដ្ឋលេខាធិការ រីឯលោក​ស្រី អ៊ូ ធីតាពៅ, លោក កេង សុម៉ាឡា, លោក ច័ន្ទ វិចិត្រ និង​លោក ហាក់ សុភារិទ្ធ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយ​ពុំទទួល​ប្រាក់បំណាច់មុខងារ។
 
​ក្រុម​ប្រឹក្សាអ្នក​ច្បាប់ ក៏មាន​ជំនួយការ​៥រូប​ផងដែរ ដោយ​ លោកស្រី នួន ប៊ុនធឿន មាន​ឋានៈស្មើអនុរដ្ឋលេខាធិការ រីឯលោក ជួង សុផល, លោកស្រី ឆេង សុវណ្ណការ, លោក ទូច ធារិទ្ធិ និង​លោក ឡេង ប៊ុនស្រ៊ាន មាន​ឋានៈស្មើអគ្គនាយក។
 
ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ។ យោង​អនុក្រឹត្យ​លេខ​៣២ អនក្រ.បក ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​និង​ដឹកនាំ​ផ្ទាល់​របស់​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ សមាសភាព​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ត្រូវ​តែងតាំង​ដោយ​ព្រះ​រាជក្រឹត្យ​​ និង​​មាន​អគ្គលេខាធិការដ្ឋានជា​ជំនួយការ។ 
 
ចាប់តាំងពីពេលបង្កើតមក ក្រុមប្រឹក្សាអ្នកច្បាប់ដែលជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្រ្តី បាន បំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែងនិងក្នុងការពិនិត្យ​ ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងឯកសារផ្សេងៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com