អន្តរជាតិ
វៀតណាម និងហ្វីលីពីននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអង្ករ ខណៈតម្លៃអង្ករសកលកើនឡើង
08, Sep 2023 , 9:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក  ផាម មិញឈិញ (ស្តាំ) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព the Star
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ (ស្តាំ) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព the Star
អាជ្ញាធរវៀតណាម នៅថ្ងៃទី៧ ខែកញ្ញា បានលើកឡើងថា​ រដ្ឋាភិបាលនៃវៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករក្នុងពេលឆាប់ៗនេះ ដើម្បីធានាសន្តិសុខស្បៀងអាហារ។ កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលតម្លៃអង្ករកើនឡើង។
 
ព័ត៌មាននៃកិច្ចព្រមព្រៀងអង្ករបានកើតឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញ ផ្សាយបន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ និងប្រធានាធិបតី ហ្វីលីពីនលោក Ferdinand Marcos Jr. បានជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ប៉ុន្តែមិនមានព័ត៌មាន លម្អិតបន្ថែមនោះទេ។
 
«គ្រាន់តែមាន (កិច្ចព្រមព្រៀង) នោះ ជាការធានាមួយនឹងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព មិន ត្រឹមតែសម្រាប់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នានៅក្នុងតំបន់»។ លោក Marcos Jr. បានប្រាប់នាយករដ្ឋមន្រ្តីវៀតណាមបែបនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីហ្វីលីពីន។ 
 
វៀតណាម ជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោកកាលពីឆ្នាំមុន បន្ទាប់ ពីឥណ្ឌា និងថៃ ហើយហ្វីលីពីន ជាអ្នកទិញអង្ករចូលធំបំផុត ដើម្បីបំពេញតម្រូវការនាំអង្ករចូលជិត៩០ ភាគរយ។ លោក Marcos ដែលជារដ្ឋមន្រ្តីកសិកម្មហ្វីលីពីនផងដែរ បានស្វាគមន៍ការ ផ្តល់ជូនរបស់ប្រទេសជិតខាងនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលប្រាំឆ្នាំ។
 
នៅសប្តាហ៍នេះ ហ្វីលីពីនបានចាប់ផ្តើមអនុវត្តការរឹតបន្តឹងតម្លៃអង្ករ ដើម្បីការពារអ្នកប្រើប្រាស់ ប្រឆាំងនឹងតម្លៃគ្រប់គ្រងដោយពាណិជ្ជករនៅក្នុងសម្ព័ន្ធជាមួយនឹងក្រុមជួញដូរឧស្សាហកម្ម។ តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីឥណ្ឌាដែលចូលរួមច្រើនជាង ៤០ ភាគរយនៃពាណិជ្ជកម្មពិភពលោកបានបញ្ជាឱ្យផ្អាកនៅក្នុងខែកក្កដា ចំពោះប្រភេទអង្ករការនាំចេញដ៏ធំបំផុតរបស់ខ្លួន ក្នុងគោលបំណងធ្វើឱ្យតម្លៃក្នុងស្រុកមានស្ថិរភាព៕
 

Tag:
 វៀតណាម
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com