អន្តរជាតិ
ក្រុមហ៊ុនរុស្ស៊ី ឈប់លក់ជីកសិកម្មបញ្ចុះតម្លៃឱ្យឥណ្ឌា
13, Sep 2023 , 2:39 pm        
រូបភាព
ក្រុមហ៊ុនរុស្ស៊ីបានឈប់ការបញ្ចុះតម្លៃក្នុងការលក់ជីកសិកម្មឱ្យឥណ្ឌាហើយដោយសារតែការរឹតប​ន្តឹង​ការផ្គត់ផ្គង់សកល ទោះរុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតដល់ឥណ្ឌាកាលពីឆ្នាំមុនក៏ដោយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពឧស្សាហកម្មមួយនេះ។​
 
បើតាម Reuters ការផ្លាស់ប្តូរតម្លៃលក់មាននៅក្នុងខែសីហា ដែលវានឹងក្លាយជាបន្ទុកមួយរបស់ ឥណ្ឌាចំពេលមានការកើនឡើងនៃតម្លៃជីលើពិភពលោក។ ស្របពេលជាមួយគ្នានេះ ប្រទេសនាំចេញធំៗដូចជាចិនក៏កំពុងព្យាយាមកាត់បន្ថយការលក់នៅក្រៅប្រទេសផងដែរ។
 
«​ក្រុមហ៊ុន​រុស្ស៊ី​កំពុង​ផ្តល់​ជីតាមតម្លៃ​ទីផ្សារដោយមិនមានការបញ្ចុះតម្លៃទេ»។ មន្ត្រីឧស្សាហកម្មឥណ្ឌាម្នាក់ដែលចូលរួមក្នុងការចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់នៅក្រៅប្រទេសប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ 
 
ការនាំចូលជីរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើង២៤៦ភាគរយដល់ចំនួន៤,៣៥លានតោនក្នុងឆ្នាំ ២០២២ និងខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុនផ្គត់ផ្គង់ បានផ្តល់ការបញ្ចុះតម្លៃដែលទាបជាងតម្លៃ​ទីផ្សារ​ពិភពលោកសម្រាប់ជី DAP និង ជី NPK (នីត្រូសែន ផូស្វ័រ ប៉ូតាស្យូម) ។ រុស្ស៊ី ក៏ក្លាយជាអ្នកចូលជីធំជាងគេរបស់ឥណ្ឌា ដោយនាំមុខ​ក្រុមហ៊ុន​នាំ​ចេញ​ជី​ផ្សេង​ទៀត​រួម​មាន​​ចិន អេហ្ស៊ីប ហ្ស៊កដានី និង​អេមីរ៉ាត​អារ៉ាប់រួម។
 
កន្លងមក ​ក្រុមហ៊ុន​រុស្ស៊ី​ធ្លាប់​លក់​ជី DAP ក្នុង​ការ​បញ្ចុះ​តម្លៃ​ខ្ពស់​រហូត​ដល់៨០ដុល្លារក្នុង​មួយ​តោន។ តម្លៃបច្ចុប្បន្នរបស់ ជី DAP របស់រុស្ស៊ីដែលលក់ឱ្យឥណ្ឌាគឺប្រហែល៥៧០ដុល្លារក្នុងមួយតោនដោយគិតលើមូលដ្ឋានថ្លៃដើម និងការដឹកជញ្ជូន (CFR) ដែលជាតម្លៃដូចគ្នានឹងការលក់ឱ្យប្រទេសអាស៊ីឯទៀត។
 
ទន្ទឹមនេះ មន្ត្រីឥណ្ឌាម្នាក់មកពីក្រុមហ៊ុនជីនៅទីក្រុង Mumbai និយាយថា តម្លៃ​ជី​សកល​បាន​កើន​ឡើងក្នុងរយៈពេលពីរខែកន្លងមកនេះ​ដែលធ្វើឱ្យមានការប្រកួតប្រជែង​សម្រាប់​ក្រុមហ៊ុន​ឥណ្ឌា​ក្នុង​ការ​ប្រមូលស្តុកទុកសម្រាប់រដូវរងារខាងមុខនៅពេលតម្រូវការជី DAP កើន​ឡើង​សម្រាប់​ដំណាំ​ស្រូវ​សាលី​។ កាល​ពី​ខែ​កក្កដា ជី​អ៊ុយរ៉េ​មាន​តម្លៃ​ប្រហែល៣០០ដុល្លារ​ក្នុង​មួយ​តោន​តាម​មូលដ្ឋាន CFR ប៉ុន្តែ​ឥឡូវ​មាន​តម្លៃ៤០០ដុល្លារ​ក្នុង​មួយ​តោន។ ឯតម្លៃជី DAP មាន​ប្រហែល​៤៤០​ដុល្លារ​ក្នុង​មួយ​តោន​៕
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com