កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអង់គ្លេស ចាត់ទុកការរិះគន់ឥតល្ហែលើ Maguire ដូចរឿងកំប្លែង
15, Sep 2023 , 8:29 am        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ចាត់ទុកការរិះគន់ឥតឈប់ឈរពីសំណាក់អ្នកគាំទ្រលើខ្សែការពារ Harry Maguire ជារឿងកំប្លែង ដ៏គួរឱ្យអស់សំណើច។


Maguire បន្តរងការរិះគន់ ក្រោយពេលរូបគេបានផ្លាស់ប្តូរចូលក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមស្កុតឡែន ក្នុងទីក្រុង Glasgow កាលពីថ្ងៃទី១២ ខែកញ្ញា និងជាការបង្ហាញខ្លួនលើកទី៥៩។
 
ការប្រកួតនោះតោកំណាចអង់គ្លេសយកឈ្នះលើស្កុតឡែនលទ្ធផល ៣-១ ប៉ុន្តែគ្រាប់ទាំងនោះគឺសុទ្ធសឹងតែជាកីឡាករអង់គ្លេសរកបានទាំងអស់ ដោយ ១គ្រាប់របស់ស្កុតឡែន Maguire សមាជិក្រុម Manchester United ជាអ្នកធ្វើឱ្យចូលទីខ្លួនឯង (own goal)។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនឱ្យអង់គ្លេសនៅក្នុងការប្រកួតពានរង្វាន់ Euro កាលពី ២ឆ្នាំមុន ហើយតាំងពីពេលនោះមក រូបគេបានក្លាយជាគោលដៅនៃការរិះគន់ ការប្រមាថ ផ្សេងៗ ក្រោយរូបគេជួបញ្ហាទម្រង់លេង និងខ្វះពេលវេលាលេងនៅទឹកដី Old Trafford។
  


ទោះបីជារងការរិះគន់ខ្លាំងយ៉ាងណា តែខ្សែការពារវ័យ ៣០ឆ្នាំ រូបនេះនៅតែស្ថិតក្នុងជម្រើសរបស់លោក Southgate នៅក្រុមជម្រើសជាតិអង់គ្លេស។ Maguire ចាប់ផ្តើមជម្រើសដំបូងឱ្យអង់គ្លេសកាលពីថ្ងៃទី៩ ខែកញ្ញា បានត្រឹមលទ្ធផលស្មើ ១-១ ជាមួយអ៊ុយក្រែនក្នុងការប្រកួតជម្រុះ ​Euro 2024។
 
ការប្រកួតមិត្តភាពទល់នឹងក្រុមស្កុតឡែន អ្នកគាំទ្រស្កុតឡែនជាច្រើនបានស្រែកច្រៀងចំអកទៅកាន់ Maguire ក្រោយរូបគេបានប្តូរចូល ហើយធ្វើឱ្យមានគ្រាប់បាល់ចូលទីខ្លួនឯ។ លោក Southgate មិនបានពន្យល់អំពីទង្វើរមិនសមរម្យរបស់អ្នកគាំទ្រស្កុតឡែនឡើយ ប៉ុន្តែលោកចាត់ទុកថា ការរិះគន់ ការតាមព្យាបាទលើ Maguire រយៈពេលដ៏យូនេះជារឿងគួរឱ្យអស់សំណើរ។
 
«វាគឺជារឿងកំប្លែង ខ្ញុំមិនដែលស្គាល់កីឡាករណាម្នាក់ដែលជួបរឿងដូចគាត់ឡើយ មិនមែនដោយអ្នកគាំទ្រស្កុតឡែនទេ វាគឺដោយអ្នកអត្ថាធិប្បាយរបស់យើងដោយផ្ទាល់ មជ្ឍដ្នានរបស់យើង ទោះជាវាអ្វីក៏ដោយ។ ពួកគេបានបង្កើតអ្វីមួយដែលខ្ញុំមិនធ្លាប់បានឃើញកាលពីមុនមកឡើយ។»។ លោក Southgate បាននិយាយនៅក្នុងសន្និសីទកាសែតបែបនេះ។
 
លោក Southgate បានលើកឡើងអំពីគុណផលរបស់ Maguire ជាមួយក្រុមជម្រើសជាតិអង់គ្លេស ដោយថាភាពជោគជ័យនាពេលកន្លងមក គឺមានកីឡាករខ្សែការពារវ័យ ៣០ឆ្នាំ ជាផ្នែកមួយនៃក្រុមទាំងមូល៕

Tag:
 Gareth Southgate
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com