សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុន Huawei ពិនិត្យមើលលទ្ធភាពវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិចត្រូនិក នៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានពិភាក្សាលើកិច្ចការងារនេះ ជាមួយលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology នៅប្រទេសចិន កាលពីថ្ងៃទី១៤ កញ្ញា។
នាជំនួបនៅទីក្រុងប៉េកាំង សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Huawei បន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា ។ នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត ។
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានគាំទ្រឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ វិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ប្រមុខរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម ។
សម្ដេច ហ៊ុន ម៉ាណែត ដែលធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសចិន រយៈពេល៣ថ្ងៃនេះ បានប្រាប់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ដូច្នេះថា៖«រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា »។
នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹងចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ រយៈពេលជាង២ទសវត្សរ៍មកហើយ។
លោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei បានអះអាងថា ក្រុមហ៊ុន បានសម្រេចសមិទ្ធផលជាច្រើន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន និងដៃគូនានា នៅកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ។
សម្ដេច ហ៊ុន ម៉ាណែត ចាប់អារម្មណ៍លើចំណុចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងលោក លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល។
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Huawei ក៏បានបង្ហាញគំនិត និងចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដល់ធនធានមនុស្សនៅកម្ពុជា ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ ។ បើតាមលោក លាំង ហ័រ កន្លងមកក្រុមហ៊ុន Huawei ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ ៕