កីឡាអន្តរជាតិ
អន្តរជាតិ
មាន Messi, Mbappe, Haaland តែគ្មាន Ronaldo ក្នុងបេក្ខភាពប្រជែងពានរង្វាន់ FIFA Best Award
15, Sep 2023 , 12:24 pm        
រូបភាព
កីឡាករ Lionel Messi សញ្ជាតិអាហ្សង់ទីន, Kylian Mbappe សញ្ជាតិបារាំង និង Erling Haaland ជាប់ក្នុងបេក្ខភាព១២រូបចុងក្រោយ ប្រជែងពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) FIFA Best Men’s Player Award។ ផ្នែកនារី កីឡាការិនី Aitana Bonmati និង Jenni Hermoso ស្ថិតក្នុងបញ្ជីបេក្ខភាព Best Women’s Player Award។

បេក្ខភាពជាងពាក់កណ្តាលដែលស្ថិតក្នុងបញ្ជីប្រកួតប្រជែង ភាគច្រើនគឹស្ថិតនៅក្នុងក្លិប Manchester City ដែលរដូវកាលមុនឈ្នះពានរង្វាន់ចំនួន ៣។ លោក Pep Guardiola របស់ក្រុម Man City ក៏ស្ថិតជាបេក្ខភាពប្រជែងពានគ្រូបង្វឹកបុរសល្អបំផុត FIFA Best Men’s Coach Award។​ Cristiano Ronaldo មិនមានឈ្មោះក្នុងការប្រជែងនេះឡើយ។ 
 
ម្ចាស់ពានរង្វាន់ World Cup 2022 ខ្សែប្រយុទ្ធ ​Lionel Messi និងកីឡាការិនី Jenni Hermoso ម្ចាស់ជើងឯក World Cup 2023 ជាកីឡាករ និងកីឡាការិនីដែលកំពុងនាំមុខគេបង្អស់សម្រាប់ការប្រជែងពានបុរស​ និងស្រ្តីរបស់ FIFA។
  


កាលពីរដូវកាលមុន Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងកីឡាការិនីអេស្ប៉ាញ Alexia Putellas របស់ក្រុម Barcelona គឺជាបេក្ខភាពឈ្នះពានកីឡាករ និងកីឡាការិនីល្អប្រចាំឆ្នាំរបស់ FIFA។
 
ម្ចាស់ជើងឯកនារី World Cup 2023 អេស្ប៉ាញ មានកីឡាការិនីចំនួន ៤រូប ស្ថិតក្នុងបញ្ជីឈ្មោះកីឡាការិនីទាំង ១៦រូបសម្រាប់ប្រជែងពាន Women’s Award។ ក្រុមជើងឯករងនារីអង់គ្លេស ក៏មានកីឡាការិនីចំនួន ៤រូបក្នុងការប្រកួតប្រជែងនេះដែរ ហើយអ្នកស្រី Sarina Wiegman ប្រជែងសម្រាប់ពានរង្វាន់គ្រូបង្វឹកល្អបំផុត។


 
ចំណែកអូស្ត្រាលីដែលជាក្រុមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ក៏មានកីឡាការិនី ៣រូប សម្រាប់ប្រជែងពាន Women’s Award។
 
សម្រាប់បេក្ខភាពដែលត្រូវបានជ្រើសរើសទាំងនេះ គឺត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញបាល់ទាត់ដែលរួមមានអតីតកីឡាករ Didier Drogba និងកីឡាការិនី Mia Hamm។
 
ការបោះឆ្នោតសម្រាប់ជ្រើសរើសកីឡាករល្អ អ្នកចាំទីល្អ អ្នកគាំទ្រល្អបំផុត និងគ្រូបង្វឹកល្អ ប្រចាំឆ្នាំរបស់ FIFA នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ខែកញ្ញា ហើយដែលការបោះឆ្នោតត្រូវធ្វើឡើងរហូតដល់ពាក់កណ្តាល ខែតុលា នៅលើគេហទំព័រ FIFA.com៕
 

Tag:
 FIFA
  Lionel Messi
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com