កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ដក Sancho ចេញពីក្រុម និងឱ្យហ្វឹកហាត់ដោយខ្លួនឯង
15, Sep 2023 , 4:39 pm        
រូបភាព
កីឡាករ Jadon Sancho បានធ្លាក់ចូលក្នុងបញ្ហាបន្ថែមទៀតសម្រាប់អនាគតរបស់គេជាមួយ Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅលោក Erik ten Hag នៅថ្ងៃទី១៤ ខែកញ្ញា ដាក់វិន័យក្រុមដោយ ឱ្យខ្សែបម្រើស្លាបរូបនេះហ្វឹកហាត់ដោយខ្លួនឯង។


Sancho ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមសម្រាប់ការប្រកួតដែល Man United ចាញ់ក្រុម ​Arsenal លទ្ធផល ៣-១ កាលពីដើមខែកញ្ញា។ អវត្តមានរបស់ Sancho លោក Erik ten Hag អ្នកចាត់ការក្រុមបានបញ្ជាក់ថាដោយសាររូបគេធ្លាក់ទម្រង់លេងខ្លាំង និងការហ្វឹកហាត់មិនបានល្អពេញលេញ។
 
បញ្ហាបានកើតឡើងក្រោយពេលដែល Sancho កីឡាករវ័យ ២៣ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គមដោយបានអះអាងថារូបគេរងការចោទប្រកាន់ជាបន្តបន្ទាប់ ព្រមទាំងមិនអ្វីដែលគ្រូបង្វឹកបាននិយាយមិនមែនជាការពិត។
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្លិបបិសាចក្រហមនៃថ្ងៃទី១៤ ខែកញ្ញា កីឡាករខ្សែបម្រើវ័យ ២៣ឆ្នាំ នឹងត្រូវដកចេញពីក្រុម ហើយត្រូវហ្វឹកហាត់ដោយខ្លួនគេផ្ទាល់ បន្ទាប់ពីមានបញ្ហាផ្នែកវិន័យមក។ 
 
«Sancho នឹងត្រូវហ្វឹកហាត់ដោយខ្លួនគេផ្ទាល់ ដោយត្រូវស្ថិតនៅក្នុងគម្រោងការហ្វឹកហាត់ឆ្ងាយពីក្រុមធំ ដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាវិន័យក្នុងក្រុមទាំងមូល។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Man United។
 
ផ្លាស់មកកាន់ Man United ក្នុងតម្លៃ ៧៣លានផោន (៩១លានដុល្លារ) ពីក្រុម Borussia Dortmund កាលពី ២ឆ្នាំមុន Sancho ជួបបញ្ហាជាបន្តបន្ទាប់សម្រាប់ការបង្ហាញទម្រង់លេងដ៏ខ្លាំងរបស់គេ ឱ្យសមទៅនឹងតម្លៃដែលក្រុមបាននាំយករូបគេទៅ។
 
គេរកបាន ១២គ្រាប់តែប៉ុណ្ណោះ ពីការបង្ហាញខ្លួនចំនួន ៨២លើក ប៉ុន្តែពេលដែលលោក Ten Hag មកដល់កីឡាករសញ្ជាតិអង់គ្លេសក៏មិនសូវបានបង្ហាញខ្លួនញឹកញ៉ាប់សម្រាប់ក្រុមឡើយតាំងតែពីរដូវកាល ២០២២-២៣។ អវត្តមានរបស់ Sancho បានក្លាយជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតមួយសម្រាប់ Man United ទាំងក្នុង និងក្រៅទីលាន។
 
ក្រុមបិសាចក្រហមដែលដឹកនាំដោយបុរសសញ្ជាតិហូឡង់ឆ្លងកាត់ ៤ប្រកួត រងបរាជ័យ ២ប្រកួតរួចមកហើយ នៃជំនួបក្របខណ្ឌ Premier League។ ដើមរដូវកាលថ្មី Man United ជួបបញ្ហាជាបន្តបន្ទាប់ដោយមានកីឡាករល្អៗភាគច្រើនរងរបួស ស្របពេលដែលកីឡាករកំពុងមានទម្រង់លេងមិនល្អត្រូវបំពេញចន្លោះខ្វះខាតនៃក្រុម មួយវិញទៀតខ្សែបម្រើសញ្ជាតិប្រេស៊ីល Antony ក៏ត្រូវអវត្តមានក្រោយមានរឿងអាស្រូវរំលោភបំពានផ្លូវភេទ និងហិង្សាលើអតីតមិត្តស្រី៕
 

Tag:
 Manchester United
  Jadon Sancho
© រក្សាសិទ្ធិដោយ thmeythmey.com