កីឡាអន្តរជាតិ
អន្តរជាតិ
La Liga រិតត្បិតការចំណាយប្រចាំឆ្នាំ របស់ក្លិប Barcelona លើប្រាក់ឈ្នួល និងផ្ទេរកីឡាករ
15, Sep 2023 , 9:59 pm        
រូបភាព
ក្លិប ​Barcelona នៅថ្ងៃទី១៤ រងការខកចិត្តសារជាថ្មី នៅពេលដែលការចំណាយរបស់ខ្លួនសម្រាប់រដូវកាល ២០២៣-២៤ ត្រូវបាន ក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga កាត់បន្ថយមកនៅត្រឹម ២៧០លានអឺរ៉ូ (២៩០លានដុល្លារ)។


ក្របខណ្ឌ La Liga ជាលីគបាល់ទាត់មួយបានកំណត់ការគ្រប់គ្រងប្រាក់ចំណាយយ៉ាងតឹងរឹង ដែលរារាំងក្លិបស្ថិតក្នុងក្របខណ្ឌមួយនេះចំណាយលើសកំណត់ លើប្រាក់ឈ្នួលកីឡាករ និងការដោះដូរកីឡាករ។ ការគ្រប់គ្រងលើដែនកំណត់នៃការចំណាយពីសំណាក់ La Liga គឺផ្តោតខ្លាំងទៅប្រាក់ឈ្នួលកីឡាករ និងបុគ្គលិក ការចំណាយលើការផ្ទេរកីឡាករ ថ្លៃភ្នាក់ងារ ប្រាក់រង្វាន់ និងផ្នែកនានា​នៃក្លិបនីមួយៗ។
 
ការកំណត់ការគ្រប់គ្រងការចំណាយរបស់ Barcelona កាលពីរដូវកាលមុនមានតម្លៃប្រមាណ ៦៤៩លានអឺរ៉ូ (៦៩១លានដុល្លារ) ដែលជាតួលេខមួយមានការកើតឡើងនូវតម្លៃច្រើន ព្រោះតែក្លិបបានលក់នូវសិទ្ធិប្រាក់ចំណូលទូរទស្សន៍នាពេលអនាគត របស់ខ្លួនមួយចំនួន និងការទាញយកបានក្រុមហ៊ុនជាច្រើនមកពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ក្លិប។
 
បើតាមរបាយការណ៍ពីប្រព័ន្ធសព្វផ្សាយអេស្ប៉ាញ កម្រិតនៃការចំណាយប្រាក់បៀវត្សរ៍បច្ចុប្បន្នរបស់ក្លិបស្ថិតក្នុងតំបន់ Catalan មួយនេះគឺប្រហែលជាង ៤០០លានអឺរ៉ូ (៤២៦លានដុល្លារ) ក្នុងមួយរដូវកាល។
 
ការដាក់ទណ្ឌកម្មសម្រាប់ការចាយប្រាក់លើសដែនកំណត់ពីសំណាក់ La Liga ក្រុម Barcelona នឹងត្រូវបានអនុញ្ញាតឱ្យចំណាយប្រាក់ត្រឹមតែ ៥០ភាគរយប៉ុណ្ណោះពីប្រាក់ចំណូលដែលខ្លួនរកបានដើម្បីនាំយកកីឡាករសម្រាប់ការកែលម្អក្រុម រហូតដល់ពេលដែលក្លិបបានបន្ថយកម្រិតចំណាយរបស់ខ្លួននៅក្រោមដែនកំណត់នៃការចំណាយ។
 
ស្ថិតក្នុងស្ថានភាពបែបនេះ ក្លិបរហស្សនាមអ្នកមានបុណ្យ ទំនងមិនមានការដោះដូរកីឡាកររូបណាបន្ថែមទៀតឡើយសម្រាប់ទីផ្សារដោះដូរលើកទី២នៅខែមករា ហើយប្រសិនបើទណ្ឌកម្មនៅតែបង្ខំឱ្យក្រុមយក្សអេស្ប៉ាញមួយនេះបន្តការកាត់បន្ថយថ្លៃចំណាយនោះពួកគេអាចនឹងមិនដោះដូរកីឡាករនៅទីផ្សារដើមរដូវកាល ២០២៤-២៥ ថែមទៀត។
 
បញ្ហាផ្នែកហិរញ្ញវត្ថុនៅតែរឿងមួយដ៏ចម្បងសម្រាប់ក្រុម Barcelona បើទោះបីជាក្លិបមួយនេះបានចែកផ្លូវជាមួយនឹងកីឡាករជើងចាស់មួយចំនួនដូចជា Sergio Busquets, Jordi Alba, Ousmane Dembele ក្តី។
 
កាលពីខែសីហាកន្លងទៅអ្នកចាំទី Marc-Andre ter Stegen បានចុះកិច្ចសន្យាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០១៨ ជាមួយនឹងតម្លៃប្រាក់ឈ្នួលកាត់បន្ថយជាងពេលមុន ដោយនេះបានជួយដល់ក្រុម Barca អាចនាំយកកីឡាករថ្មី ២រូប ដូចជា Joao Cancelo និង Joao Felix (ខ្ចីជើង)។
 
ដោយឡែកក្លិបគូប្រជែងរបស់ក្រុម Barcelona គឺ ​Real Madrid មានដែនកំណត់នៃការចំណាយមានតម្លៃជាង ៧២៧លានអឺរ៉ូ (៧៧៥លានដុល្លារ) ខណៈដែលក្លិប Atletico Madrid ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលត្រូវបានកំណត់ការចំណាយមានតម្លៃត្រឹម ២៩៦លានអឺរ៉ូ (៣១៥លានដុល្លារ) ក្នុង១រដូវកាល៕
 

Tag:
 Barcelona
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com