កីឡាអន្តរជាតិ
អន្តរជាតិ
យុវជនក្លិប Real Madrid ៤នាក់ត្រូវបានចាប់ខ្លួន ករណីចែកចាយវីដេអូអាសអាភាស
15, Sep 2023 , 6:29 pm        
រូបភាព
កីឡាករយុវជនក្លិប Real Madrid ចំនួន ៤រូប ត្រូវបានមន្ត្រីប៉ូលិសអេស្ប៉ាញចាប់ខ្លួន ជុំវិញការចោទប្រកាន់ថាបានចែកចាយវីដេអូអាសអាភាសដែលមានអនីតិជននៅក្នុងនោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសអេស្ប៉ាញថ្ងៃទី១៤ ខែកញ្ញា។


កីឡាករយុវជនទាំង ៤រូបនោះត្រូវបានចាប់យកទៅសាកសួរ ហើយនិងបានដោះលែងវិញបន្ទាប់ពីទិន្នន័យនៅលើទូរស័ព្វរបស់ពួកគេត្រូវបានមន្ត្រីប៉ូលិសប្រមូលទុករួចរាល់។
 
មន្ត្រីប៉ូលិសបានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងទៅតាមពាក្យបណ្តឹងនៅកោះ Canary ក្នុងប្រទេសអេស្ប៉ាញ ពោលគឺនៅក្នុងទីតាំងហ្វឹកហាត់របស់ក្លិប Real Madrid នាថ្ងៃទី១៤ ខែកញ្ញា។
 
ក្រោយមានបញ្ហានេះកើតឡើង ក្លិប Real Madrid បានចេញសេចក្តីប្រកាសថានឹងចាត់វិធានការដ៏សមរម្យចំពោះកីឡាករយុវជនទាំង ៤រូប នៅពេលដែលព័ត៌មានកាន់តែលម្អិតបន្ថែមទៀតពីបញ្ហាទាំងនេះ។ កីឡាករយុវជនទាំង ៤ មាន ៣នាក់ចេញមកពីក្រុម Real Madrid C និង ១នាក់ទៀតគឺជាកីឡាកររបស់ក្រុម Real Madrid B ដែលត្រូវបានគេស្គាល់ឈ្មោះថា Castilla។
 
«ពួកគេត្រូវបានឃុំខ្លួនដោយត្រូវបានសង្ស័យថាបានចែកចាយវីដេអូដែលមានខ្លឹមសារអាសអាភាសពាក់ព័ន្ធនឹងអានីតិជន។»។ នេះបើតាមសម្តីអ្នកនាំពាក្យរបស់ទីភ្នាក់ងារច្បាប់អេស្ប៉ាញ Guardia Civil។
 
លើពីនេះអ្នកនាំពាក្យដដែលបានអះអាងបន្ថែមថា ក្មេងស្រីរងគ្រោះបានយល់ព្រមលើទង្វើរដែលបានព្រមព្រៀងគ្នារួចជាមុន ប៉ុន្តែខ្លួនមិនបានយល់ព្រមលើការអនុញ្ញាតឱ្យថតវីដេអូឡើយ។
ទោះជាយ៉ាងណាវីដេអូអាសអាភាសនោះក៏ត្រូវបានចែករំលែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Whatsapp៕
 

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com