កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​​បាល់ទាត់កូរ៉េ​ខាង​ត្បូង សុំ​ឱ្យ​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សាយព័ត៌មាន​វិជ្ជមាន
16, Sep 2023 , 4:59 pm        
រូបភាព
លោក Juergen Klinsmann គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានអំពាវនាវដល់អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយឱ្យជួយកសាង ស្មារតីវិជ្ជមាន និងផ្សាយព័ត៌មានល្អៗរបស់ក្រុម។ ការស្នើរបស់លោក Klinsmann ធ្វើឡើងដើម្បី ជួយក្រុមកូរ៉េខាងត្បូងបង្កើនការត្រៀមខ្លួនក្នុងការប្រកួត Asian Cup ឆ្នាំ២០២៤ នៅកាតា ចំពេលមានការរិះគន់លើទម្រង់លេងរបស់ក្រុមចាប់តាំងពីលោកចូលកាន់តំណែង។


បន្ទាប់ពីការប្រកួតស្មើ ៣ដង និងចាញ់ ២ដងចាប់តាំងពីការតែងតាំងលោក Klinsmann ក្នុងខែកុម្ភៈ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានដឹកនាំកូរ៉េខាងត្បូងទទួលបានជ័យជម្នះលើកដំបូងលើក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី១២ ខែកញ្ញា ក្នុងក្រុង Newcastle។
 
លោក Klinsmann ដែលត្រូវបានរិះគន់ ចំពោះការមិនចំណាយពេលគ្រប់គ្រាន់នៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបន្តនៅអឺរ៉ុបដើម្បីសង្កេតមើលសមាជិកក្រុមជម្រើសជាតិក្នុងសកម្មភាពតាមក្លិបរបស់ពួកគេ។ យ៉ាងណាក្រោយរងការរិះគន់ គ្រូសញ្ជាតិអាល្លឺម៉ង់ នឹងត្រឡប់ទៅទីក្រុងសេអ៊ូលដើម្បីវាយតម្លៃកីឡាករដែលប្រកួតប្រជែងក្នុងលីគក្នុងស្រុកផងដែរ។
  


ជុំវិញការរិះគន់ អតីតគ្រូឥន្ត្រីដែកអាល្លឺម៉ង់ អាម៉េរិក និង Bayern Munich បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន Incheon នៅថ្ងៃទី១៤ ខែកញ្ញាថា៖«ជារឿងសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាគួរបង្កើតស្មារតីវិជ្ជមាន ជាពិសេសអ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ»។
 
គ្រូបង្វឹកវ័យ៥៩ឆ្នាំ បានស្នើអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សាយព័ត៌មានវិជ្ជមានឱ្យបានច្រើន ដើម្បីជាជំនួយផ្នែកស្មារតីក្រុមកូរ៉េខាងត្បូងត្រៀមខ្លួនប្រកួត Asian Cup ឆ្នាំ២០២៤ នៅកាតា។
 
«ប្រសិនបើក្រុមនៅតែមិនដំណើរការល្អ មានពេលគ្រប់គ្រាន់សម្រាប់រិះគន់ ឬបណ្តេញគ្រូបង្វឹក ឬធ្វើអ្វីដែលអ្នកចង់ធ្វើទៅ»។ នេះជាការបញ្ចាក់របស់ Klinsmann មុនលោកសង្កត់ធ្ងន់ថា​ការ​ប្រកួត ក្រុម​ជម្រើស​ជាតិ​ គឺ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដើម្បី​បង្កើត​នូវ​សន្ទុះ​វិជ្ជមាន។
 
ក្រុមកូរ៉េខាងត្បូង នឹងត្រូវជួបទុយនីស៊ី និងវៀតណាមនៅខែតុលា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីកម្តៅសាច់ដុំ ត្រៀម Asian Cup។ លោក Klinsmann ដែលធ្លាប់ជួយអាល្លឺម៉ង់លើកពាន World  Cup ឆ្នាំ១៩០០ ក្នុងនាមជាកីឡាករ ជឿជាក់កូនក្រុមកូរ៉េខាងត្បូងអាចឈ្នះជើងឯកពានរង្វាន់ទ្វីបអាស៊ីមួយនេះ៕
 

Tag:
 Juergen Klinsmann
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com