អន្តរជាតិ
ឥណ្ឌូណេស៊ីរាយការណ៍អំពីការកើនឡើងនៃការនាំចូលអង្ករដើម្បីបំពេញស្ដុក
16, Sep 2023 , 7:39 pm        
រូបភាព
យោងតាមទីភ្នាក់ងារទិន្នន័យឥណ្ឌូណេស៊ីចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា​ ការនាំចូលអង្ករ មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០២៣ ខណៈដែលរដ្ឋាភិ បាលគ្រោងនឹងបំពេញស្ដុកបន្ថែមទៀត។
 
ក្នុងអំឡុងសន្និសីទសង្ខេបស្តីពីទិន្នន័យពាណិជ្ជកម្មប្រធានស្តីទីនៃស្ថិតិឥណ្ឌូណេស៊ី លោកស្រី​ Amalia Adininggar Widyasanti បាននិយាយថា ឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជន ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ចំនួន ២៧០ លាននាក់បាននាំចូលអង្ករចំនួន ១,៥៩ លានតោន ក្នុងខែមករាដល់ខែសីហា។ ចំនួននេះ កើនឡើងពី ២៣៧,១៤៦ តោនដែលបាននាំចូល​ក្នុងអំឡុង ពេលដូចគ្នាកាលពីឆ្នាំមុន។ 
 
លោកស្រី​បន្ត​ថា ជាង​ពាក់​កណ្តាល​នៃ​ការ​នាំចូល​មាន​ប្រភព​មក​ពី​ថៃ​ចំនួន ៨០២ ០០០ តោន បន្ទាប់​មក​គឺ​ការ​នាំ​ចូលពី​វៀតណាម ៦៧៤ ០០០ តោន ឥណ្ឌា ៦៦ ០០០ តោន និង​ពី​ប៉ាគីស្ថាន ៤៥ ០០០ តោន។
 
«តម្លៃអង្ករពិភពលោកកំពុងកើនឡើង។ យើង​ចង់​បង្កើន​ទុនបម្រុង​អង្ករ​យុទ្ធសាស្ត្រ​របស់​យើង ប៉ុន្តែ​សូម្បីតែ​ការ​នាំ​ចូល​ក៏​ពិបាក​ទទួល​ដែរ​»។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយនៅថ្ងៃដដែល។ លោក បានបន្ថែមថាការលំបាកក្នុងការធានាអង្ករពីក្រៅប្រទេសត្រូវបានជំរុញដោយការរឹតបន្តឹងការនាំចេញដោយប្រទេសមួយ ចំនួន។
 
ទន្ទឹមនេះរដ្ឋាភិបាលបានចាត់ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហាររដ្ឋ Bulog នាំចូលអង្ករចំនួន ២,៣ លានតោននៅឆ្នាំនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino ដែលបណ្តាលឱ្យអាកាសធាតុរីងស្ងួតនៅអាស៊ីអាគ្នេយ៍។ មន្ត្រី Bulog បាននិយាយនៅដើម សប្តាហ៍នេះថា ទោះយ៉ាងណាក៏ដោយអង្ករ ៤៥៣ ០០០ តោនមិនទាន់ត្រូវបានចុះកិច្ចសន្យា នៅឡើយ។
 
គួរបញ្ជាក់ថា អាកាសធាតុក្តៅនៅក្នុងតំបន់រីកលូតលាស់សំខាន់ៗនៅទូទាំងអាស៊ីបានគំរាម កំហែងដល់ការប្រមូលផលដែលជំរុញឱ្យតម្លៃស្រូវកើនឡើងដល់ទៅ ២០ ភាគរយ ដោយ ប្រទេសនាំចេញកំពូលគឺឥណ្ឌាបានកំណត់ការនាំចេញដើម្បីទប់ទល់នឹងអតិផរណា និងធានា សន្តិសុខស្បៀងសម្រាប់ប្រជាជនក្នុងស្រុក។
 
ទីភ្នាក់ងារអាហារជាតិបង្ហាញនៅដើមសប្តាហ៍នេះថា ការនាំចូលអង្ករសរុបរបស់ប្រទេស ឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ ២០២៣ រួមទាំងសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានគេប៉ាន់ ប្រមាណថាមានចំនួន ២,៩ លានតោន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com