កីឡាអន្តរជាតិ
អន្តរជាតិ
UEFA វាយតម្លៃ ថាតំណែងអ្នកចាត់ការក្រុមកំពូលនៅអឺរ៉ុបជាមធ្យមមិនលើស ១៦ខែ
16, Sep 2023 , 9:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបង្ហាញពីការវាយតម្លៃរបស់ខ្លួនថា ការកាន់តំណែងរបស់អ្នកចាត់ការទូទៅក្រុមស្ថិតក្នុងលីគកំពូលៗនៅតំបន់អឺរ៉ុបកាលពីរដូវកាលមុនមានរយៈពេលជាមធ្យមមិនលើសពី ១ឆ្នាំ ៤ខែ។


រដូវកាល ២០២២-២៣ បានក្លាយជាកំណត់ត្រាមួយដ៏ខ្ពស់បំផុតមួយ ដែលមានការបណ្តេញអ្នកចាត់ការក្រុមចំនួន ៧៣៥លើក នៃក្របខណ្ឌលីគកំពូលទូទាំងតំបន់អឺរ៉ុប។ ក្របខណ្ឌ Premier League តែមួយ ជាកំណត់ត្រាមានការផ្លាស់ប្តូរអ្នកចាត់ការអចិន្ត្រៃយ៍ចំនួន ១៥ដងជាងរៀងរាល់រដូវកាល។ បើតាមរបាយការណ៍របស់ UEFA ការងារអ្នកចាត់ការទូទៅក្រុមចំនួន ១,២០៩ នៅទូទាំងតំបន់ទ្វីបអឺរ៉ុប មានអ្នកចាត់ការមធ្យមត្រឹមតែ ៥ភាគរយប៉ុណ្ណោះ ដែលបានកាន់កាប់ការងារច្រើនជាងរយៈពេល ៥ឆ្នាំ ឬច្រើនជាងនេះ។
 
ស្ថិតក្នុងឯកសារដែលបានស្រាវជ្រាវដ៏ស៊ីជម្រៅរបស់ UEFA ដែលមានឈ្មោះថា «European Club Talent and Competition Landscape» បានឱ្យដឹងថា រយៈពេលគ្រប់គ្រងជាមធ្យមទូទៅនៅទូទាំង លីគកំពូលអឺរ៉ុបចំនួន ៤៨ ក្នុងឆ្នាំ ២០២៣-២៣ គឺមានរយៈពេល ១៥ខែ ដែលនេះជាកម្រិតទាបបំផុតមួយ ដូចទៅនឹងឆ្នាំ ២០១៨ ដែលមានជាមធ្យមរយៈពេល ១៥ខែ។ នៅប្រទេសចំនួន ៦ ដោយក្នុងនោះរួមមានប្រទេសចំនួន ៣ស្ថិតក្នុងចក្រភពអង់គ្លេស ​វែលស៍, អៀរឡង់ខាងជើង និងសាធារណៈរដ្ឋអៀរឡង់ ដែលអ្នកចាត់ការមានការដឹកនាំដល់រយៈពេលជាង ២ឆ្នាំឡើងទៅ។
 
កាលឆ្នាំ ២០១៦ រយៈពេលនៃការដឹកនាំរបស់អ្នកចាត់ការទូទៅមានរយៈពេលខ្លីបំផុតត្រឹមជិត ១៥ខែ តែប៉ុណ្ណោះ ដោយខុសពីឆ្នាំ ២០១៣ ដែលរយៈពេលនៃការដឹកនាំជាមធ្យមរយៈពេលជាង ១៦ខែ។ រយៈពេលជាមធ្យមនៃការដឹកនាំក្រុមនេះ បានគូសបញ្ជាក់អំពីភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៃការគ្រប់គ្រងបាល់ទាត់។
 
រដូវកាលដែលមានការផ្លាស់ប្តូរគ្រូបង្វឹកច្រើនបំផុតគឺនៅក្នុងរដូវកាល ២០២០-២១ ដែលមានអ្នកចាត់ការចំនួន ៧៦៣នាក់ ត្រូវបានបណ្តេញចេញពីការងារ។ ការផ្លាស់ប្តូរនេះ UEFA អះអាងថាដោយសារតែក្លិបត្រូវការពង្រឹងទម្រង់លេងថ្មី បន្ទាប់ពីពន្យាពេលនៃការផ្លាស់ប្តូរអំឡុងជំងឺរាតត្បាតកូវីដ-១៩។
 
សម្រាប់ក្របខណ្ឌ Premier League រដូវកាលមុនមានអ្នកចាត់ការចំនួន ៤១នាក់ត្រូវបានផ្លាស់ប្តូរ ដោយមានក្លិបចំនួន ៦ បានផ្លាស់ប្តូរអ្នកចាត់ការចំនួន ៣ដង ក្នុងមួយរដូវកាល ហើយ Chelsea និង ​Leeds ជាក្រុមដែលបានផ្លាស់ប្តូរចំនួន ៤លើក។ Premier League ជាលីគដែលមានការប្តូរច្រើនជាងលីគកំពូលចំនួន ៤ផ្សេងទៀត ដោយមានស្ថិតិ ៥៥ភាគរយ, បារាំង និងអេស្ប៉ាញ ៥០ភាគរយ, អាល្លឺម៉ង់ ៤៤ភាគរយ និងអ៊ីតាលី ៣៥ភាគរយ។
 
ចំណែកអ្នកចាត់ការចូលកាន់តំណែងត្រឹមបណ្តោះអាសន្ន និងរយៈពេលខ្លី មានចំនួន ២២ដង សម្រាប់ក្របខណ្ឌ Premier League រដូវកាលមុន ហើយចំនួននេះស្មើនឹងកំណត់ត្រាជាលីគមានអ្នកចាត់ការបណ្តោះអាសន្នច្រើនជាងគេដូចទៅនឹងលីគកំពូលបារាំង។
 
នៅដើមរដូវកាល ២០២៣-២៤ មានការផ្លាស់ប្តូរអ្នកចាត់ការរួចទៅហើយសម្រាប់ក្របខណ្ឌ ​Premier League  ដោយលោក Julen Lopetegui បានចាកចេញពីក្រុម Wolves មួយសប្តាហ៍មុនពេលបើករដូវកាលនៅក្នុងខែកក្កដា ហើយជំនួសដោយលោក Gary O’Neil៕

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com