កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករលេចធ្លោនៅក្រុមថ្មីទាំង៥នៅអឺរ៉ុប ក្រោយផ្ទេរក្នុងតម្លៃខ្ពស់
17, Sep 2023 , 8:39 pm        
រូបភាព
ទីផ្សារដោះដូរកីឡាករនៅក្នុងតំបន់អឺរ៉ុបលើកទី១ ប្រចាំរដូវកាល ២០២៣-២៤ បានបិទបញ្ចប់កាលពីថ្ងៃទី១ ខែកញ្ញា។ ទីផ្សារដោះដូរលើកទី១ឆ្នាំ២០២៣ មានសកម្មភាពផ្ទេរកីឡាករច្រើនជាងគេបំផុត និងមានតម្លៃថ្លៃផ្ទេរខ្ពស់បំផុតផងដែរ។


ក្លិបកំពូលៗនៅតាមលីគលំដាប់កំពូលនៅតំបន់អឺរ៉ុបបានចំណាយប្រាក់យ៉ាងច្រើននាំយកកីឡាករល្អៗដើម្បីពង្រឹងសមត្ថភាពក្រុម ព្រមទាំងការប្រជែងពានរង្វាន់នានា ដោយរំពឹងខ្ពស់លើកីឡាករល្បីដែលពួកគេបាននាំចូល។ 
 
ពេលនេះទីផ្សារដោះដូរបានបិទបញ្ចប់ ហើយជាពេលវិលត្រលប់ទៅកាន់ការសង្កេតនៅលើទីលានវិញម្តង។ កីឡាករមួយចំនួនកំពុងបង្ហាញខ្លួនយ៉ាងល្អស្ថិតនៅក្លិបថ្មីដែលពួកគេកំពុងតែប្រកបអាជីព ដោយជួយរកបានជ័យជម្នះដល់ក្រុមក៏ដូចជាមានទម្រង់លេងកាន់តែល្អប្រសើរខ្លាំងឡើង។ យ៉ាងណា ក៏មានកីឡាករខ្លះ ធ្វើមិនបានល្អតាមបំណងចង់បានរបស់ក្លិបដែរ។
ខាងក្រោមនេះជាការផ្ទេរកីឡាករល្អបំផុត ៥រូប នៅក្នុងទីផ្សារដោះដូរនៅតំបន់អឺរ៉ុប៖



១. Jude Bellingham ទៅកាន់ក្លិប Real Madrid
ក្រុមអធិរាជស បានចាយប្រាក់ ១០៣លានអឺរ៉ូ (១១៥លានដុល្លារ) ទៅកាន់ក្រុម Borussia Dortmund ដើម្បីនាំយកខ្សែបម្រើវ័យក្មេងសញ្ជាតិអង់គ្លេស​ Jude Bellingham ចូលរួមក្រុម។ ការផ្ទេរលើកីឡាករវ័យ ២០ឆ្នាំ រូបនេះមើលទៅហាក់ជាធម្មតា ប៉ុន្តែក្រោយពេលរូបគេបង្ហាញខ្លួនសម្រាប់ក្រុមយក្សរបស់អេស្ប៉ាញ​ គេបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទម្រង់លេងដ៏ល្អរបស់គេ។
 
Bellingham តែងរកបានគ្រាប់បាល់នៅក្នុងការបង្ហាញខ្លួនរបស់គេចំនួន ៤លើកនៅក្នុងក្រុម Real Madrid សម្រាប់ការប្រជែងក្នុងក្របខណ្ឌ La Liga។ រូបគេរកបានគ្រាប់បាល់ចំនួន ៥គ្រាប់សម្រាប់ក្រុមអធិរាជស ព្រមទាំងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់ ពីការបង្ហាញទម្រង់លេងដ៏ល្អរបស់គេ។
 
២. Harry Kane ទៅកាន់ក្លិប Bayern Munich
ឈានដល់កិច្ចសន្យា ១ឆ្នាំចុងក្រោយ នៅក្នុងក្រុម Tottenham Hotspur ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបានឱកាសចាកចេញពីក្រុមស្ថិតក្នុងប្រទេសអង់គ្លេស។ ការចាកចេញទៅកាន់ Bayern ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានរំពឹងថាគេនឹងអាចឈ្នះពានរង្វាន់លើកដំបូងសម្រាប់អាជីពរបស់គេ។
  


ផ្ទេរទៅកាន់ក្លិបថ្មីក្នុងតម្លៃ​ ១០០លានអឺរ៉ូ (១១០លានដុល្លារ) ដែលជាតម្លៃដ៏ច្រើនមួយសម្រាប់កីឡាករដែលមានវ័យចូល ៣០ឆ្នាំ Bayern Munich រកបានអ្នកជំនួសតំណែងប្រយុទ្ធទោលដ៏សក្ក័សមបំផុតជំនួសខ្សែប្រយុទ្ធ Robert Lewandowski ដែលបានចាកចេញកាលពីឆ្នាំ ២០២២។ Kane តែងរកបានគ្រាប់បាល់នៅក្លិបថ្មីរបស់គេ។
 
៣. Declan Rice ទៅកាន់ក្លិប Arsenal
ក្លាយជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរខ្ពស់បំផុតនៅក្នុងរដូវកាល ២០២៣-២៤ ក្រោយផ្លាស់ទៅកាន់ក្រុម Arsenal ក្នុងតម្លៃ ១១៦លានអឺរ៉ូ (១៣៧លានដុល្លារ) កីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបង្ហាញខ្លួនបានល្អខ្លាំងសម្រាប់ក្រុមរបស់លោក Mikel Arteta។ ចូលរួមជាមួយនឹងក្រុមថ្មីភ្លាម Rice ជួយក្រុមឈ្នះពានរង្វាន់ Community Shield ភ្លាម។ ក្រៅពីនេះតំបន់បម្រើរបស់ក្រុមកាំភ្លើងធំកាន់តែមានភាពប្រសើរខ្លាំងឡើង ខណៈការបង្កើតឱកាសផ្សេងកើតចេញពីរូបគេដើម្បីឱ្យខ្សែយុទ្ធស្វែងរកគ្រាប់បាល់ ជាពិសេសរូបគេផ្ទាល់។
 
៤. Dominik Szoboszlai ទៅកាន់ Liverpool
RB Leipzig ជាក្លិបដ៏ល្អបំផុតមួយក្នុងការលក់កីឡាករខ្លាំងៗនិងល្បីៗនៅក្នុងតំបន់អឺរ៉ុប។ ពួកគេបានចុះកិច្ចសន្យាយកកីឡាករខ្សែបម្រើ Dominik Szoboszlai ក្នុងឆ្នាំ ២០២០ ក្នុងតម្លៃត្រឹមតែ ២០លានអឺរ៉ូ (២១,៤៦លានដុល្លារ) តែពួកគេបានលក់ទៅ Liverpool សម្រាប់រដូវកាលថ្មីនេះតម្លៃ ៧០លានអឺរ៉ូ (៧៥លានដុល្លារ)។
  


Szoboszlai បានផ្តល់នូវបច្ចេកទេសនៅតំបន់បម្រើបានយ៉ាងល្អបំផុតសម្រាប់ក្រុម Liverpool ក្រោយការចាកចេញរបស់កីឡាករខ្សែបម្រើល្អៗច្រើនរូប រូបគេតែងតែបង្កើតឱកាស ក៏ដូចជារណាំងរឹងមាំនៅតំបន់បម្រើផងដែរសម្រាប់ក្រុម Liverpool។ Liverpool ហាក់មានភាពរីកចម្រើនឡើងវិញនៅរដូវកាលថ្មីនេះ ខណៈដែលកីឡាករចំណូលថ្មីក៏បានទម្រង់លេងបានល្អខ្លាំងផងដែរ។
 
៥. Manuel Ugarte ទៅកាន់ក្លិប Paris Saint Germain
ខ្សែបម្រើការពារដ៏មានទេពកោសល្យមួយរូបនេះ បានផ្តល់នូវភាពខ្លាំងរបស់គេអំឡុងលេងនៅក្លិប Sporting Lisbon ច្រើនជាងប្រាក់ដែលក្លិបបានចំណាយយករូបគេទៅចូលរួមទៅទៀតក្នុងឆ្នាំ ២០២១ ដែលមានតម្លៃការផ្ទេរ ៦,៥លានអឺរ៉ូ (៧លានដុល្លារ)។ PSG បានចុះកិច្ចសន្យានាំយករូបគេទៅចូលរួមក្រុម ដោយស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique ដោយតម្លៃការផ្ទេរមានតម្លៃ ៦០លានអឺរ៉ូ (៦៤,៤លានដុល្លារ) ខ្សែបម្រើការពារមួយនេះបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ក្រុមយក្សបារាំង។
 
កីឡាកររូបនេះបានក្លាយជាកីឡាករដ៏ពូកែម្នាក់ក្នុងការទប់ស្តាត់ទម្រង់ប្រយុទ្ធរបស់ក្រុមគូសត្រូវ នៅពេលវាយសម្រុក ហើយជំនាញក្នុងការប្រជែងបាល់របស់គេ បានកែប្រែប្រព័ន្ធលេងរបស់ក្រុម ដោយបានបង្កើតឱកាសវាយបក ក៏បានគ្រប់គ្រងបាល់ឡើងវិញ។ កីឡាករវ័យ ២២ឆ្នាំ រូបនេះមានជំនាញក្នុងការប៉ះបាល់បង្កើតឱកាសបញ្ជូនបាល់ទៅកាន់មិត្តរួមក្រុមដូចគ្នា៕
 

Tag:
 Top 5
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com