កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា Man Utd មិនទាន់ធ្លាក់ក្នុងវិបត្តិទេ ទោះចាញ់ Brighton នៅ Old Trafford
17, Sep 2023 , 10:09 pm        
រូបភាព
ក្រុម Manchester United កាន់តែដុនដាប់ ក្រោយចាញ់ Brighton & Hove Albion ក្នុងលទ្ធផល ៣-១ នៅ Old Trafford ក្នុងជំនួប Premier League សប្តាហ៍ទី៥ នៅថ្ងៃទី១៦ ខែកញ្ញា។ នេះជាបរាជ័យទី៣ ហើយក្នុងការប្រកួត៥លើកនៅរដូវកាល ២០២៣-២៤នេះ។ ទោះចាញ់ តែលោក Erik ten Hag ថាក្រុមមិនស្ថិតក្នុងវិបត្តិទេ និងជឿជាក់កូនក្រុមអាចផ្លាស់ប្តូរស្តានការអាក្រក់នេះបាន ប្រសិនបើពួកគេប្រកាន់ខ្ជាប់នូវផែនការក្រុម។
 
ក្រុមរបស់ Erik ten Hag ត្រូវរងភាពអាម៉ាសយ៉ាងធ្ងន់ធ្ងរនៅទឹកដីខ្លួន តាមរយៈការស៊ុតបញ្ចូលទីជាបន្តបន្ទាប់របស់ Danny Welbeck, Pascal Gross និង Joao Pedro ដើម្បីជួយ Brighton នាំមុខ Man Utd ៣-០ មុន។ Hannibal Mejbri ដែលទើបប្តូរចូល និងបង្ហាញខ្លួនដំបូង សម្រេចទីបាន១គ្រាប់ឱ្យបិសាចក្រហម។ ចប់ការប្រកួត Brighton ឈ្នះ Man Utd ៣-១។
 
នេះជាបរាជ័យលើកទី២ជាប់ៗគ្នារបស់ Man Utd បន្ទាប់ពីចាញ់ Arsenal ៣-១ និងជាបរាជ័យទី៣ របស់ក្រុមលោក Ten Hag ក្នុងចំណោម៥ប្រកួតដំបូងរដូវកាលនេះ។ បង្ហាញខ្លួនមិនល្អដើមរដូវកាល ធ្វើឱ្យ Man Utd ធ្លាក់ទៅចំណាត់ថ្នាក់ទី១២ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបាន៦ពិន្ទុប៉ុណ្ណោះ។ 
 
តាមរយៈលទ្ធផលនេះ លោក Ten Hag ហាក់ដូចមិនបានដាក់បន្ទុកទៅកាន់កូនក្រុមខ្លួននោះទេ និងថែមទាំងជឿជាក់លើកូនក្រុម Man Utd អាចស្តារស្ថានការលំបាកនេះឡើងវិញ ប្រសិនពួកគេមិនធ្វើអ្វីខុសពីផែនការក្រុម។
 
អ្នកចាត់ការសញ្ជាតិហូឡង់ ដែលឡើងកាន់តំណែងក្រុមបិសាចក្រហមរដូវកាលមុន មិនជួយក្រុមស្ថិតក្នុងក្រុង Manchester មួយនេះមានស្ថិរភាពឡើងវិញ ដោយដណ្តើមបានពានរង្វាន់ EFL Cup និងកៅអី EUFA Champions League។
 
យ៉ាងណាក៏ដោយ តាមរយៈការប្រកួត៥លើកដំបូងនេះ ត្រូវបានគេមើលឃើញថាក្តីសង្ឃឹមក្នុងការប្រកួតប្រជែងពាន Premier League របស់ Man Utd រដូវកាលនេះ បានរសាត់បាត់ទៅហើយ ដ្បិតគូប្រជែងដូចជាម្ចាស់ការពារជើងឯក Manchester City, Arsenal និង Liverpool ជាដើមបង្ហាញភាពលេចធ្លោរបស់ខ្លួន។
 
Man City បានវាយបកយកឈ្នះ West Ham United ៣-១ វិញ ខណៈ Liverpool ក៏បានធ្វើដូចគ្នានេះដោយយកឈ្នះ Wolves ៣-១ ផងដែរ។ Tottenham Hotspur ក៏បានបង្ហាញទម្រង់ល្អផងដែរដោយបានវាយបកយកឈ្នះ Sheffield United នៅចុងម៉ោង ២-១។
 
ឆ្លងកាត់ការប្រកួត៥លើក Man City ឈរកំពូលតារាងមាន១៥ពិន្ទុពេញ តាមពីក្រោយដោយ Spurs ដែលមាន១៣ពិន្ទុ ស្មើក្រុមលេខ៣ Liverpool។ Brighton ចូលតំបន់ Top 4 មាន១២ពិន្ទុ៕

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com